ភ្នំពេញ ៖ ព្រះរាជពិធី “រុក្ខទិវា” គឺជាទិវាដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ។
នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះរាជពិធីបុណ្យ រុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរម រាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបង ប្រកបដោយជោគជ័យ។

ព្រះករុណាជាអម្ចាស់ សូមឧទ្ទិសពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំឈើគឺជាការវិនិយោគបៃតង លើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថា ការដាំឈើគឺជាការវិនិយោគបៃតងលើធម្មជាតិ ដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី ហើយព្រះអង្គក៏បានឧទ្ទិសពិធី រុក្ខទិវា ឱ្យស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នា ថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។
ព្រះករុណាព្រះមហាក្សត្រ បានបន្តថាប្រជាជនកម្ពុជាបានយល់ប្រាកដណាស់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើភពផែដើរយើងនេះ។ ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាពនៃគោលដៅ អភិវឌ្ឍដោយចីវភាពរបស់អង្គការសហប្រជាជាតិ ធានាសន្តិសុខស្បៀង និងបណ្ដាញសុវត្ថិភាព លើកកម្ពស់ជីវភាព ផ្ដល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាព រក្សានិរន្តរភាពផលិតកម្ម កំណើនសេដ្ឋកិច្ច សមភាព បរិយាបន្ន និងភាពជាដៃគូ ធនធានទឹក ការពារធនធាន ជលផល សន្តិសុខថាមពល ថែរក្សាជីវចម្រុះ និងប្រព័ន្ធមជ្ឈដ្ឋានដ៏គោក ជួយគាំទ្រនិរន្តរភាពទីក្រុង ទប់ស្កាត់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។ ដូចនេះការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យទីតម្កល់ទឹកធានា សម្រាប់តម្រូវការរបស់មនុស្ស សត្វ ត្រូវរីងស្ងួត ឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធានមច្ឆជាតិគ្រប់ប្រភេទ ហើយអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជឱង្ការ អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ចូលរួមដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាមទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាម ភ្លឺស្រែចម្ការ ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់កម្លាំងខ្យល់កន្ត្រាក់ ស្រូបឧស្ម័នកាបូនិច និងបម្រែបម្រួលធាតុកាសផងដែរ។ ជាពិសេសគួរយកចិត្តទុកដាក់រួមគ្នាបង្កើតគំនិតថ្មីមួយ ទុកជាទម្លាប់ដើម្បីឱ្យគូស្រករដែលទើបរៀបអាពាហ៍ពិពាហ៍ ចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ សួនព្រៃឈើ លំហែកម្សាន្ត ដែលបានបង្កើតឡើងដោយរដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ។
ព្រះករុណា ព្រះមហាក្សត្រក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ចប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត ពិសេសត្រូវចូលរួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ទៅតាមសក្តានុពលដីប្រកបដោ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស។ ព្រះអង្គ ក៏បានថ្លែងអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះប្រទេសជាមិត្ត អង្គការ ជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ក៏ដូចជាការចូលរួមក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្នុងពេលអតីតកាល និងបច្ចុប្បន្ន ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា។
ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បើគិតតាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ កម្ពុជាបានប្រារព្ធពិធីរុក្ខទិវា នៅតាមបណ្ដារាជធានី ខេត្ត ចំនួន១៤ ទូទាំងប្រទេស សរុបចំនួន២៩លើក នៅលើផ្ទៃដីទំហំជាង ៤៧០ហិកតា ប៉ុន្តែដោយសារប្រទេសរបស់យើងបានទទួលរងនូវវិបត្តិជាសកលកូវីដ១៩ កម្ពុជាបានអាក់ខានពុំបានរៀបចំពិធីរុក្ខទិវាចំនួន ០២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅនេះ ក្នុងគោលបំណងទប់ស្កាត់ជំងឺឆ្លងជាសកលនៅក្នុងសហគមន៍។
ផ្ទៃដីប្រារព្ធ រុក្ខទិវា នាពេលនេះ មានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសទំហំ ២៦.១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣,៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។

រុក្ខទិវា ជាទិវាមួយដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។ ទិវានេះ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រេះរបស់សម្តេច នរោត្តម សីហនុ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ទិវានេះបានខកខានក្នុងការប្រារព្ធបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិនយោបាយ និងសង្គ្រាម ក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ដោយផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ រុក្ខទិវា តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅ រុក្ខទិវា នេះនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។
គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី រុក្ខទិវា បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំ ៤៧០ហិកតា ៦៤អា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី រុក្ខទិវា ចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសាកលនៅក្នុងសហគមន៍។
ព្រៃឈើ បានផ្តល់សារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស សត្វនៅលើភពផែនដីដូចជាជួយទ្រទ្រង់អាកាសធាតុផែនដី, ជួយធ្វើឱ្យដីមានជីវជាតិ, នាំមកនូវទឹកភ្លៀង, ជាជម្រកជីវចម្រុះ និងភាពស្រស់បំព្រង់នៃផែនដី។ ព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់នៅលើផែនដី វាគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើនអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ព្រៃ ឬដើមឈើ គឺជាឧបករណ៍សម្រាប់ស្វែងរកអាហារ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាច្រើនទៀតរាប់មិនអស់ ជាពិសេស គឺជាសួតរបស់ភពផែនដី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





















