ភ្នំពេញៈ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំប្រជុំដកពិសោធន៍បន្ទាន់ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ របស់បញ្ជាការដ្ឋានអង្គរក្ស ក្រោយហេតុការណ៍ធ្វើឃាតលើលោក ស្ស៊ិនសូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានឃាតករបាញ់ប្រហារក្នុងកំឡុងពេលដែលកំពុងថ្លែងសុន្ទរកថាក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់និងពង្រឹងបន្ថែមទៀត លើកិច្ចការងារ ការពារសន្តិសុខ សវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ឱ្យបាន១០០%ទោះក្នុងតម្លៃណាក៍ដោយ។
សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពកាលពីទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបាញ់ប្រហារក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅតំបន់ណារ៉ានៅជប៉ុនខាងលិច។ ការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយមន្ត្រីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកទៅកាន់សារព័ត៌មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោងក្រោយការវាយប្រហារនៅម៉ោង១១កន្លះព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ និងកើតឡើងក្រោយក្រុមវេជ្ជបណ្ឌិតខ្នះខ្នែងសង្គ្រោះជីវិតរបស់លោក៕ រក្សាសិទ្ធិដោយៈ ចេស្តារ








