ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋរាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩។ ការបញ្ជាក់នេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែងនៅក្នុងសង្គម គឺការចាំបាច់ និងមិនអាចខ្វះគ្នាបានឡើយ ជាពិសេសការបង្រៀនរបស់សាសនាឱ្យមនុស្សចេះស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យបាប ក៏ដូចជាគោលការណ៍សីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក។ មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួន គឺនឹងធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងទុក្ខវេទនា ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយនៅក្នុងរបបប៉ុលពត។ នៅក្នុងសង្គមអារ្យធម៌ដូចពេលបច្ចុប្បន្ន គឺរាជរដ្ឋាភិបាលតែងបានផ្តោតតែទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមលុបបំបាត់អំពើអវិជ្ជមាន និងកែលម្អភាពអសកម្មនានានៅក្នុងសង្គម ជាពិសេសសំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀតនូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតបក្នុងស្ថានភាពគ្រោះវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះជាដើម និងការបន្តកសាងអភិវឌ្ឍជាតិនៅមុខបន្ថែមទៀត៕ រក្សាសិទ្ធិដោយៈចេស្តារ










