ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ។

បន្ទាប់ពីស្នើអ្នកចូលរួមទាំងអស់សង្រួមកាយឥន្ទ្រីយារម្មណ៍ស្មិងស្មាធិ៍ គោរពដល់វិញ្ញាណក្ខន្ធ របស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានគេធ្វើឃាត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រតិភូកីឡា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅឆ្នាំ២០២៣ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍ជាគន្លឹះថា ការយកឈ្នះលើការប្រកួត គឺជាបំណងប្រាថ្នារបស់កីឡាករគ្រប់ប្រភេទ ប៉ុន្តែយ៉ាងណាគឺត្រូវប្រកួតឈ្នះដោយយុត្តិធម៌ មិនត្រូវមានកាយវិការអាក្រក់ ធ្វើខុសពីបច្ចេកទេសលក្ខខណ្ឌនៃការប្រកួតនោះទេ, ហើយដើម្បីទទួលបានជោគជ័យលើការប្រកួត ប្រតិភូកីឡា គ្រូបង្គោល ព្រមទាំងកីឡាករខ្លួនឯងផង ត្រូវជំរុញការហ្វឹកហាត់ ការស្រាវជ្រាវបច្ចេកទេស ឱ្យកាន់តែខ្លាំងក្លាថែមទៀត និងត្រូវចេះអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាឱ្យបានទាន់ពេលវេលា។
ថ្លែងទៅកាន់ប្រតិភូក្រុមកីឡាករ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំ មកហើយ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម, ដូច្នេះ ត្រូវត្រៀមខ្លួនប្រកបដោយសមត្ថភាពពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើបដិសណ្ឋារកិច្ចឱ្យល្អ និងសេវាល្អដល់គ្រប់ប្រតិភូកីឡា និង ភ្ញៀវជាតិ-អន្តរជាតិ ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ដោយយល់ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទំនាក់ទំនងអន្តជាតិ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែកីឡាមានស្តង់ដារជាសាកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និងការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម។
កីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរទាំងបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈការពារខ្លួនរបស់ប្រជាជាតិនីមួយៗ។ ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ក៏ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា កាន់តែខ្លាំងក្លា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









