ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានគោលដៅ និងមានមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងគោលដៅនេះ សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ជាងនេះ គឺការការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យរងគ្រោះដោយសារសង្គ្រាមបែកបាក់ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជាដើម ពីព្រោះកត្តាទាំងនេះ អាចនឹងមានផលប៉ះពាល់អូសបន្លាយរយៈពេលវែងដល់ដំណើរការនៃការអភិវឌ្ឍជាតិ។

ការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឱ្យបានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ព្រមទាំងផ្តល់ឱកាសជូន សម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា អភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ មិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើការស្វ័យវាយតម្លៃចំណុចខ្វះខាតរបស់ខ្លួនឯងជាប់ជាប្រចាំ។ ឈរលើមូលដ្ឋាននៃការដឹកនាំ និងការតាក់តែងគោលនយោបាយ ដោយផ្សារភ្ជាប់ទៅនឹងការស្វ័យវាយតម្លៃខ្លួនឯងនេះហើយ ដែលជាកត្តានាំឱ្យមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងលើសលប់នៅទូទាំងប្រទេស៕ រក្សាសិទ្ធិដោយៈ ចេស្តារ












