ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ជាច្រើននាក់ បានចោទប្រកាន់លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញថា បានយកមនុស្សពីក្រៅអង្គភាព មកប្រើប្រាស់ និងតែងបានចេញមុខអន្តរាគមន៍ ដោយខុសច្បាប់នៅក្នុងបទល្មើសចរាចរណ៍។
មន្រ្តីទាំងនោះបានឲ្យដឹថា ព័ត៌មានច្បាស់ការណ៍ បច្ចុប្បន្ននេះលោក សែម រតនា រហស្សនាម «ព្រួញ០១» ដែលជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញបានយកឈ្មោះវង្ស បូរ៉ារហស្សនាម«ព្រួញ០៥ថ្មី» ជាអតីតមន្រ្តីនគរបាលនៅការិយាល័យនគរបាលផ្លូវគោគរាជធានីភ្នំពេញ ដែលបានដកចេញទៅនៅអង្គភាពផ្សេងជាង២ឆ្នាំហើយនោះ ឲ្យបន្លំស្លៀកពាក់ជាស៊ីវិលមកធ្វើការងារ នៅក្នុងការិយល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងធ្វើដំណើរទៅណាមកណាជាមួយគ្នា។

មន្រ្តីដដែលបានឲ្យដឹងទៀតថា លោកសែម រតនា តែងបានផ្តល់សិទ្ធិអំណាចគ្រប់បែបយ៉ាង ទៅឲ្យឈ្មោះវង្ស បូរ៉ា ទាំងការងារសំខាន់ៗនៅក្នុងអង្គភាព, ការងារដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងចុះទៅតាមគោលដៅត្រួតពិនិត្យជាក់ស្តែង។
លោកសែម រតនា ធ្វើដូចនេះដោយសារតែឈ្មោះវង្ស បូរ៉ា ជាមនុស្សធ្លាប់មានវិធីសាស្រ្តច្រើន សម្រួលការងារក្រៅច្បាប់ច្រើននិង ដើម្បីកុំឲ្យមន្រ្តីផ្លូវការនៅក្នុងការិយាល័យ បានដឹងពីអាថ៌កំបាំងការងារដែលគេធ្វើ។
មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាធានីភ្នំពេញ បានឲ្យដឹងបន្ថែមថា លើសពីនោះទៅទៀតលោក សែម រតនា ក្នុងនាមខ្លួនជានាយយការិយាល័យចរាចរណ៍ តែងតែបានចេញមុខប្រើអំណាចទៅអន្តរាគមន៍ រឿងរថយន្តធុនធំចូលរាជធានីភ្នំពេញ ដោយខុសច្បាប់ និងរថយន្តដឹកសំពីងសំពោង ដើម្បីលាភសក្ការ:ផ្ទាល់ខ្លួន។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ការប្រើប្រាស់សិទ្ធិអំណាច មិនបានត្រឹមត្រូវធ្វើស្រេចតែចិត្ត ខុសពីគោលការណ៍ច្បាប់របស់លោកសែម រតនា ដូចបានលើកឡើងទាំងនេះ វាបានធ្វើឲ្យមានការថ្នាំងថ្នាក់ ប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ របស់មន្រ្តីក្រោមឱវាទនិងមានការលំបាក់ ដល់មន្រ្តីនគរបាលក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន។
ដូចនេះមន្រ្តីនគរបាលចរាចរណ៍ បានសំណូមពរដ៏ទទូចឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលរឿងអាស្រូវ ដែលកំពុងតែកើតមាន បង្កឡើងដោយលោកសែម រតនា ជានាយការិយាល័យនគរបាលចរាចរណផ្លូវគោកនេះផង៕ រក្សាសិទ្ធិដោយៈ CEN







