Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស នៅកម្ពុជា

ភ្នំពេញៈ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៤ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២២ សំដៅពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងបង់ក្លាដែស។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស អាប់ឌុល ម៉ូមិន បានចូលជួបសម្តែង ការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់អំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលបង់ក្លាដែស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារ ខណៈដែលពិភពលោកកំពុងតែប្រឈមជាមួយវិបត្តិស្បៀងអាហារ។ ឯកឧត្តម ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរអំពីស្ថានភាព និងចេតនារបស់រដ្ឋាភិបាលបង់ក្លាដែស ពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

នៅថ្ងៃដដែល ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម អាប់ឌុល ម៉ូមិន មានជំនួបពិភាក្សាទ្វេភាគី ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នានា អំពីដំណើរការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងប្រទេសរៀងៗខ្លួន ដោយចែករំលែកការយល់ដឹងរួមអំពីសារសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយក្តីរីករាយចំពោះភាពស្រដៀងគ្នារវាងប្រទេសទាំងពីរលើទិដ្ឋភាពមួយចំនួន ដែលជាមូលដ្ឋានសម្រាប់កសាង និងពង្រីកទំនាក់ទំនងល្អដែលមានស្រាប់។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានកោតសរសើរចំពោះចំនួនដ៏ច្រើននៃអ្នកទៅបោះឆ្នោត ដែលច្រើនជាង ៨០% នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលថ្មីៗនេះ ដោយឯកឧត្ដមបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយ «សេរី និងយុត្តិធម៌»។

នៅក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្វែងរកការគាំទ្រពីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី ការបរទេសបង់ក្លាដែស នូវការគាំទ្ររបស់កម្ពុជា ដោយគូសបញ្ជាក់ពីដំណើរការដែលតម្រូវឱ្យមានការឆ្លងកាត់ការវាយតម្លៃរបស់លេខាធិការដ្ឋានអាស៊ាន និងការព្រមព្រៀងជាឯកច្ឆន្ទក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីស្ថានភាពជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស និងបានស្នើឲ្យកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាពដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយលើកឡើងថា បង់ក្លាដែសប្រាថ្នាចង់ឃើញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីរបស់ឯកឧត្ដមអំពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ានចំពោះបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះរឿងនេះនឹងអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើភាពស្មុគស្មាញ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងរបស់ឯកឧត្ដមផ្ទាល់ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

ក្នុងគោលបំណងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារទាំងពីរលើករបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់ទាក់ទងនឹងទិដ្ឋភាពមនុស្សធម៌ និងយ៉ាងហោចណាស់បានធ្វើឱ្យដំណើរការនយោបាយរំកិលទៅមុខ។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម និងមានផលប្រយោជន៍ទៅវិញទៅមក ដែលក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្នើការគាំទ្រពីកម្ពុជាសម្រាប់បេក្ខភាពបង់ក្លាដែសនៅក្នុងអង្គការអន្តរជាតិមួយចំនួន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនានា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយសាលាបណ្ឌិតសភាការទូតនៃក្រសួងការបរទេសបង់ក្លាដែស។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន ក៏បានផ្តល់បទឧទ្ទេសនាមមួយ នៅក្នុងបាឋកថា ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×