Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បើកសន្និបាត វិសាមញ្ញគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ស្វែងរកហេតុ និងផល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។

អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។

អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។
ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។

សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។

អស់រយៈជាង២ឆ្នាំហើយ ដែលជំងឺកូវីដ-១៩បានរាតត្បាតពេញពិភពលោក ដោយគិតទាំងកម្ពុជាយើងផង។ សភាពការណ៍នេះបានធ្វើឱ្យគណបក្សយើងអាក់ខាននូវការជួបជុំធំៗ ដោយផ្ទាល់ ដូចជាការជួបជុំរំលឹកខួបទិវាជ័យជម្នះ៧មករា ខួបកំណើតបក្ស ការប្រជុំធ្វើសន្និបាត ឬមហាសន្និបាតជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានម្ចាស់ការដឹកនាំតាមគ្រប់រូបភាពក្នុងគ្រប់ស្ថានភាពនយោបាយ ហើយពេលចុងក្រោយបាន ឆ្លៀតកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅវិមាន៧មករា និងថ្មីៗនេះ អាស្រ័យដោយការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្រាល គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលក៏បានណែនាំឲ្យគ្រប់ថ្នាក់ រៀបចំពិធីរំលឹកខួបលើកទី៧១ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសដ៏ឱឡារិកផងដែរ។ មុននេះបន្តិច យើងក៏បានកត់ សម្គាល់ឃើញថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហឹង្សា និងការគំរាមកំហែងឡើយ ហើយបន្ទាប់មក រាជរដ្ឋាភិបាល នៅតែបន្តទប់ស្កាត់បានដោយជោគជ័យនូវការឆ្លងជំងឺកូវីដ-១៩ ដែលនេះគឺជាមោទនភាពធំណាស់ សម្រាប់ការងើបឡើងវិញរបស់កម្ពុជាយើង។

គឺពិតជាដោយសារសភាពការណ៍ដូចរៀបរាប់ខាងលើនេះហើយ ដែលផ្តល់ភាពអនុគ្រោះ ឱ្យយើងអាចរៀបចំការជួបជុំគ្នាដ៏ធំនៅថ្ងៃនេះ ដើម្បីប្រារព្ធធ្វើសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្ស ដើម្បីត្រួតពិនិត្យលើការអនុវត្តការងារកន្លងមក និងកំណត់អំពីទិសដៅ ភារកិច្ចសម្រាប់រយៈពេលបន្តទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គសន្និបាតទាំងមូលសូមសម្តែងនូវគារវភក្តី និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខក្សេមក្សាន្ត នៃប្រជាជាតិខ្មែរទាំងមូលៗ ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរ ព្រះអង្គទាំងទ្វេរ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ក្នុងការជួយឱ្យនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព ដូចអរិយប្រទេសនានា ។

ពិនិត្យលើការងារដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម នៅក្នុងដំណាក់កាលចុងក្រោយនេះអង្គសន្និបាតបានកត់សម្គាល់ ដោយការពេញចិត្តបំផុត ចំពោះភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញបន្ទាត់ នយោបាយនៅក្នុង និងក្រៅប្រទេសប្រកបដោយគតិបណ្ឌិត ហើយលទ្ធផលជាក់ស្ដែងនៃការអនុវត្ត គោលនយោបាយ និងវិធានការនានាគឺ បញ្ចៀសបាននូវគ្រោះថ្នាក់បាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ដែលបណ្តាលមកពីការឆ្លងជំងឺកូវីដ-១៩ រក្សាបានលំនឹងជីវភាពរស់នៅរបស់ប្រជាជនទូទៅ រក្សា បានស្ថេរភាពសង្គម-សេដ្ឋកិច្ច រក្សាបានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាបានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ពង្រឹងបានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ពង្រឹងតួនាទី របស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ទាំងអស់ដើម្បីជំរុញការអភិវឌ្ឍ។

ពិនិត្យលើការងាររបស់គណបក្សយើងវិញ អង្គសន្និបាតក៏បានធ្វើការកត់សម្គាល់ដោយការ ពេញចិត្តផងដែរចំពោះលទ្ធផលនៃការអនុវត្តនូវទិសដៅ គោលការណ៍ គោលនយោបាយ សេចក្តី ណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាល ដែលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្ស យើងកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស។ ដោយឡែកជោគជ័យដ៏ត្រចះត្រចង់លើការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ បញ្ជាក់ថាប្រជាជនកម្ពុជានៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀតក្នុងការដឹកនាំ នាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូររុងរឿង និងវិបុលភាព។

និយាយពីជ័យជម្នះ និយាយពីសមិទ្ធផល ឬស្នាដៃ ដែលយើងសម្រេចបានលើគ្រប់ផ្នែក គ្រប់វិស័យ មិនមែនមានន័យថា រាល់ការខិតខំរបស់យើងមិនមានជួបឧបសគ្គ ឬបញ្ហាប្រឈម នោះឡើយ ប៉ុន្តែអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពី ប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ មានធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបរបបធ្វើការត្រឹមត្រូវនោះ ទើបធ្វើឱ្យយើង ជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំង ជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្ស ក្រុមការងារចុះជួយមូលដ្ឋាន និងអង្គការមហាជនគណបក្សព្រមទាំងមន្ត្រី និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេច រាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន ។ ការខិតខំ និងអំពើល្អរបស់យើងតែងទទួល បានការតបស្នងតាមរយៈសន្លឹកឆ្នោតពីប្រជាជនវិញនៅគ្រប់ពេលបោះឆ្នោត។

ជំនួសមុខឱ្យអង្គសន្និបាតទាំងមូល ខ្ញុំសូមអបអរសាទរ និងស្វាគមន៍ដ៏ស្មោះស្ម័គ្របំផុត ចំពោះជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមតាមគ្រប់មធ្យោបាយ ដើម្បីជួយការពារ សន្តិភាព ស្ថិរភាពនយោបាយ និងជួយកសាងការពារមាតុភូមិកម្ពុជាយើងជាបន្តបន្ទាប់កន្លងមក។ លើសពីនេះ អង្គសន្និបាតក៏សូមថ្លែងអំណរគុណដ៏ស្មោះអស់ពីចិត្តផងដែរ ចំពោះមិត្តភក្តិបរទេសជិត ឆ្ងាយ ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានា ដែលបានរួមចំណែកយ៉ាងធំធេង ដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ជារបៀបធ្វើការរបស់គណបក្សយើង នៅពេលដែលយើងអនុវត្តចប់នូវភារកិច្ចធំៗនីមួយៗ យើងតែងនាំគ្នាប្រជុំដកពិសោធន៍រកចំណុចខ្លាំង ចំណុចខ្សោយ សម្រាប់ការអនុវត្តលើកក្រោយៗ ទៀត។ ផ្តើមពីនេះ ខ្ញុំសូមរំលឹកថា រាល់ព្រឹត្តកាណ៍ទាំងឡាយ ដែលកើតឡើងនៅក្នុងសង្គមគឺ សុទ្ធតែមានហេតុ និងផលរបស់វា។ មានហេតុទើបមានផល ហើយផលក្លាយជាហេតុថ្មី និងមាន ផលថ្មីទៀត ទំនាក់ទំនងរវាងហេតុនិងផលរបៀបនេះគ្មានទីបញ្ចប់ទេ។ ហេតុមួយអាចនាំឱ្យមាន ផលមួយ ឬផលច្រើន ហើយផលមួយក៏អាចបណ្ដាលមកពីហេតុមួយ ឬហេតុច្រើនដែរ។ ក្នុងន័យនេះ កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតរបស់យើងនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញអស់ នូវរាល់ហេតុ និងផលដែលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ដើម្បីលើមូលដ្ឋាននេះ យើងនឹងខិតខំជំរុញធ្វើឱ្យ គណបក្សយើងទទួលបានជ័យជម្នះកាន់តែច្រើនថែមទៀតនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣នាពេលខាងមុខ។ ក្រៅពីនេះ អង្គសន្និបាតក៏អាចនឹង ពិភាក្សាការងារខ្លះទៀត ប្រសិនបើមានការចាំបាច់ ។

សន្និបាតនឹងដំណើរការរយៈពេល២ថ្ងៃ តាមរបៀបវារៈដែលបានកំណត់។ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលបានចូលរួមមានចំនួន៤៧..រូប លើរចនាសម្ព័ន្ធនៃបរិមាណរួម ៨៦៥រូប។ បន្ថែមលើនេះ អង្គសន្និបាតក៏បានបើកទូលាយដោយមានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួន នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន និងក្រុមការងារចុះមូលដ្ឋាន រាជធានី ខេត្តចូលរួម ដែលធ្វើឱ្យសមាសភាពត្រូវបានអញ្ជើញមានចំនួនសរុប Exel.. រូប ។

ជាមួយគ្នានោះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។
សម្ដេចពញាចក្រីក៏បានលើកឡើងអំពីលក្ខណៈពិសេសរបស់គណបក្សប្រជាជនថា៖ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។ ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចពញាចក្រី បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។

ចំណែក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស។

សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណកម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​លី

×