Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតជប៉ុន បញ្ជាក់ពីការទទួលសាររំលែកទុក្ខជាច្រើ ពីប្រជាជនកម្ពុជា សមាជិករាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា

ភ្នំពេញៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបង្ហោះសារនៅលើហ្វេសប៊ុកថា នាឱកាសដ៏សោកសង្រេងចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ប្រជាជនកម្ពុជាជាច្រើន រួមមានសមាជិករាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា ព្រមទាំងសាធារណជនទូទៅបានចូលរួមគោរពវិញ្ញាក្ខន្ធ និងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុនក្នុងសប្តាហ៍នេះ។ ស្ថានទូតក៏បានទទួលសាររំលែកទុក្ខជាច្រើនឥតគណនាផងដែរ។ ការបង្ហោះសារនេះនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។

ជាមួយគ្នានេះ ស្ថានទូតជប៉ុនក៏បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្តៅដល់ប្រទេស និងប្រជាជនជប៉ុន ក្នុងខណៈពេលដ៏លំបាកនេះ។ ស្ថានទូតទទួលបាននូវការរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុនសាជាថ្មីម្តងទៀត។ ជាក់ស្តែង អតីតនាយករដ្ឋមន្រ្តី អាបេ បានបម្រើការងារជានាយករដ្ឋមន្រ្តី ២អាណត្តិ ហើយឯកឧត្តមបានត្រួសត្រាយផ្លូវក្នុងការពង្រឹងទំនាក់ទំនងរវាងរវាងកម្ពុជា និងជប៉ុនតាមរយៈ កិច្ចប្រជុំកំពូល និងការបង្កើតគោលនយោបាយការបរទេសនានា។ នៅឆ្នាំ២០១៣ ឯកឧត្តម បានធ្វើទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ នាឆ្នាំដដែលនោះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា សមេ្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ពេលនោះ ឯកឧត្តម អាបេ និងសម្តេចតេជោ បានរួមគ្នាជម្រុញទំនាក់ទំនងទ្វេភាគីនេះ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត។

ស្ថានទូតបានបន្តថា ក្នុងខណៈពេលដែលយើងខ្ញុំកំពុងមានការតក់ស្លុត និងសោកសង្រេងចំពោះសោកនាដកម្មនេះ យើងខ្ញុំបានទទួលការលើកទឹកចិត្តដ៏ពិតប្រាកដតាមរយៈសារនានារបស់ប្រជាជនកម្ពុជា។ ស្ថានទូតជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត។
ស្ថានទូតជប៉ុនក៏បានសូមបួងសូង សូមវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×