Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ នៅថ្ងៃស្អែក

ភ្នំពេញៈ នៅព្រឹកទី១៩ ខែកក្កដា ស្អែកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិនិត្យមើលថា តើច្បាប់នេះនឹងបញ្ជូនទៅគណៈកម្មការជំនាញណាមួយដើម្បីសិក្សាស្រាវជ្រាវ។

បន្ទាប់ពីសិក្សាស្រាវជ្រាវរួចគណៈកម្មាការជំនាញត្រូវធ្វើរបាយការណ៍ដើម្បីស្នើដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត ។
លោកបានបន្តថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនមកដល់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានទទួលហើយរដ្ឋសភាបានធ្វើតាមនីតិវិធីនឹងប្រជុំគណៈកម្មាធិោការអចិន្ត្រៃយ៍។

អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

សូមជម្រាបថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×