Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ៖ ការទៅបោះឆ្នោតគ្រប់ៗអាណត្តិ បង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានគាំទ្រលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញៈ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់ថា ការអញ្ជើញទៅបោះឆ្នោតគ្រប់ៗអាណត្តិ មិនថាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតតំណាងរាស្រ្តនោះទេ វាជាការបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋបានគាំទ្រលទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងបានទាត់ចោលជាស្វ័យប្រវត្តិរាល់ចេតនាអ្នកនយោបាយប្រឆាំងមួយចំនួន ចេះតែប៉ុនប៉ងញុះញង់ប្រជាពលរដ្ឋ ឲ្យគាំទ្រការដណ្ដើមអំណាចតាមមធ្យោបាយហិង្សា និងខុសច្បាប់ ដែលធ្លាប់ផ្ដល់មេរៀនជូរចត់រួចហើយកាលពីអតីតកាល ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកកំចាយមារ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តម ស សុខា បានបញ្ជាក់ទៀតថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប គឺជាការផ្ដល់យុត្តិធម៌មិនអាចប្រកែកបានមកលើថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ហើយដែលពួកគាត់សុទ្ធតែបានលះបង់ពេលវេលា និងធនធាន អស់ពីកម្លាំងកាយ ចិត្ត ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រយូរមកហើយ ។
ឯកឧត្តមបានលើកឡើងថា ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបតែបញ្ចប់ថ្មីៗ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកតា លោកយាយ អ៊ំ ពូមាមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបេក្ខជនគណបក្ស ដែលបានឈរឈ្មោះ ។
ឯកឧត្តម ស សុខា បានបញ្ជាក់បន្ថែមដែរថា ជាការពិតក្នុងការបោះឆ្នោតកន្លងទៅនេះ មានគណបក្សនយោបាយ ចូលរួមច្រើន ហើយក៏មានប្រជាពលរដ្ឋតិច ឬច្រើន បានបោះឆ្នោតគាំទ្រគណបក្សដែលពេញចិត្តរៀងៗខ្លួន ។ គ្រាន់តែលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនរហូតអាចឈ្នះបានអាសនៈ មេឃុំ ចៅសង្កាត់ ស្ទើទូទាំងប្រទេស ។ នេះជាដំណើរការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងអស់រយៈពេល ២០ឆ្នាំមកហើយ ។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏សូមអរគុណដូចគ្នាដែរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតតាមឆន្ទៈរៀងៗខ្លួន ជាពិសេសបានចូលរួមធ្វើអោយដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ សម្របសម្រួលដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រប់លំដាប់ថ្នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×