ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិក barack obama ប្រើពាក្យអ្វីពេលជួបសម្ដេច ហ៊ុន សែន លើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២។
ហេតុអ្វីគ្រាន់តែលោកអូបាម៉ាស្ងាប ក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជា ល្បីពេញពិភពលោក។
ហេតុអ្វីបានជាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រក់ទឹកភ្នែក ក្រោយកិច្ចប្រជុំកំពូលអាស៊ានចប់នៅឆ្នាំ ២០១២។

លោកពុយ គា អ្នកតាមដានអន្តរជាតិធំៗ ជាពិសេសកិច្ចប្រជុំអាស៊ានជាង ២០ឆ្នាំកន្លងមកនេះ បានចេញផ្សាយសៀវភៅថ្មីមួយទៀត ហើយដែលមានចំណងជើងថា អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំពិភពលោក និងអាស៊ាន ដែលមានកម្រាស់ជាង ២០០ ទំព័រ ដែលនៅក្នុងសៀវភៅនេះ លោកពុយ គា បានទម្លាយនៅចម្ងល់ទាំង ៣ ខាងលើ និងអាថ៍កំបាំងជាច្រើនស្ទើររាប់មិនអស់។
រហូតដល់ឆ្នាំ ២០១២ អាស៊ានមានអាយុ ៥៥ ឆ្នាំ ហើយសមាជិកអាស៊ានទាំងអស់ តែងតែមានទស្សនៈ និងយោបល់ល្អៗ ដើម្បីភាពរុងរឿងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ដោយក្នុងនោះ មានប្រទេសខ្លះ បបួលប្រទេសសមាជិកអាស៊ានដទៃទៀត ដូរម៉ោងឱ្យដូចគ្នា និងម៉ោងអាស៊ានតែមួយ ដោយទាញហេតុផលថា ដើម្បីរកស៊ីឲ្យទាន់ចិន។ តើប្រទេសណានាំអាតដូរម៉ោង ហើយអាស៊ានព្រមដែរឬទេ? ចុះបើដូរមែន ការបង្ខំចិត្តក្រោកមុនមួយម៉ោង ពីទម្លាប់សព្វថ្ងៃរបស់ពលរដ្ឋខ្មែរ អាចដឹងមានផលប៉ះពាល់ដែរឬទេ? ចុះចំណែកចង្ហាន់ប្រគេនព្រះសង្ឃវិញ។ នេះគឺជាសំណួរហើយក៏មានចម្លើយ នៅក្នុងសៀវភៅដែលមានចំណងជើងថា អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលទើបនឹងបោះពុម្ពចេញផ្សាយ ដោយលោកពុយ គា មានកម្រាស់ជាង ២០០ ទំព័រ៕ រក្សាសិទ្ធិដោយ ៖ CEN










