ភ្នំពេញៈ ប្រធានអាស៊ានបានសម្តែងការខកចិត្តចំពោះការ ប្រហារជីវិត សកម្មជន បក្សប្រឆាំង បួន នាក់ នៅ មីយ៉ាន់ម៉ា បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញលើសេចក្តីសម្រេចផ្ដន្ទាទោសលើជនទាំងនោះ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជារដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី។
អាស៊ានសូមបរិហារ និងមានការខកចិត្តយ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤រូប ដែលក្នុងនោះរួមមានលោក ភ្យូ ហ្សេយ៉ា ថរ លោក ក្យរ មីនយូ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញលើសេចក្តីសម្រេចផ្ដន្ទាទោសលើជនទាំងនោះ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជារដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី។ នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។
ខណៈដែលមានការទទួលស្គាល់នូវភាពស្មុគស្មាញនៃវិបត្ដិ ព្រមទាំងកំដៅទោសៈមោហៈផ្ទះឡើង គ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំ និង ភាពអត់ធ្មត់ជាអតិបរិមា ហើយខិតខំជៀសវាងមិនធ្វើឲ្យជម្លោះរីករាលដាលកាន់តែខ្លាំង ។ ការអនុវត្ដទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្ដកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ដ ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។
អាស៊ាន នៅតែប្រកាន់ខ្ជាប់គោលការណ៍ ដែលមានចែងក្នុង ធម្មនុញ្ញ អាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសម្លេងដ៏លើសលុបក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការ ជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ យើងសូមអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យជៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។
អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្រ្តជួយមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការ កែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់ មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងធម្មនុញ្ញអាស៊ាន។ ទាំងនេះគឺជាតម្រូវការបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខវេទនារបស់ប្រជាជន៕ រក្សាសិទ្ធិដោយៈចេស្តារ


