ភ្នំពេញៈ រដ្ឋបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ។
សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានអញ្ជើញចូលរួមប្រជុំផងដែរ។
គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនទៅរដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានសម្រេចឯកភាពដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ និងដែលមានខ្លឹមសារធ្វើវិសោធនកម្មចំនួន ៨ មាត្រា ដែលមានដូចជា មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

សូមជម្រាបថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយៈចេស្តារ








