Thursday, September 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ មិនរំលោភរបបសភានិយមនោះទេ

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី ការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួននោះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានអះអាងថា វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នេះ មិនរំលោភទាល់តែសោះលើអំណាចសភា និងរបបសភានិយម, ហើយថា រាល់សេចក្តីថ្លែងការណ៍ និងការចោទប្រកាន់របស់គណបក្សនយោបាយចំនួន ៤ គឺជាការលើកឡើងក្នុងន័យអរិភាពនយោបាយ និងប្រជាភិថុតិរបស់ខ្លួនតែប៉ុណ្ណោះ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា គណបក្សនយោបាយដែលបានដាក់ញត្តិ មកកាន់រដ្ឋសភា និងបានអះអាងថា វិសោធនកម្មលើកទី១០នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយមនោះ គឺលោកសូមបកស្រាយត្រឡប់ទៅវិញថា គប្បីសិក្សាឲ្យបានស៉ីជម្រៅបន្ថែមទៀត ដើម្បីឲ្យបានយល់កាន់តែច្បាស់ អំពីការបង្កើតរដ្ឋាភិបាល ក្នុងប្រព័ន្ធសភានិយម ជាពិសេសអាចសិក្សាប្រព័ន្ធនេះ ពីប្រទេសដែលប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមសភានិយមដូចកម្ពុជាដែរ ដូចជារបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ នៅចក្រភពអង់គ្លេស ឬម៉ាឡេស៉ីជាដើម។

បន្ទាប់ពីមានការស្នើសុំធ្វើវិសោធនកម្មច្បាប់ខ្លះ នៃរដ្ឋធម្មនុញ្ញលើកទី១០ ក៏មានគណបក្សនយោបាយចំនួន៤ បានដាក់ញត្តិរួមមួយ ជូនរដ្ឋសភា និងបានប្រកាសជំហរមិនគាំទ្រការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះទេ។ ខ្លឹមសារញត្តិបានលើកឡើងថា ការធ្វើវិសោធនកម្មនេះ បានប៉ះពាល់ធ្ងន់ធ្ងរ ដល់របបសភានិយម ដោយបានបន្ថយអំណាចសភាជាតិ រំលងសភាជាតិក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ដែលផ្តល់អំណាចដល់គណបក្សនយោបាយ ដែលជាស្ថាប័នក្រៅសភាជាតិ ធ្វើសេចក្តីស្នើដោយផ្ទាល់ថ្វាយព្រះមហាក្សត្រ ហើយទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី។

ការលើកឡើងរបស់ក្រុមគណបក្សនយោបាយទាំង ៤ នេះ ត្រូវបាន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្យល់តបវិញថា ការលើកឡើងនេះ ជាការលើកឡើងដោយមិនត្រឹមត្រូវ ជាការលើកឡើងដោយមិនយល់ដឹងច្បាស់លាស់ ទាំងមិនយល់លើខ្លឹមសារពិតប្រាកដ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងទាំងលើប្រព័ន្ធដឹកនាំប្រទេសតាមរបបសភានិយម។ លោកបញ្ជាក់ថា រាល់ការវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិទាំងមូល , ជាពិសេសក្រុមថ្នាក់ដឹកនាំ សុទ្ធតែបានពិភាក្សាល្អិតល្អន់ ស្វែងរកធាតុផ្សំ ដាក់ធាតុវិជ្ជមានគ្រប់ជ្រុងជ្រោយបញ្ចូលទៅក្នុងឧត្តមប្រយោជន៍ជាតិទាំងមូលតែម្ដង។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នោះ គឺត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ, មកដល់ព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ នេះរដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី ការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី , មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ , មាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ។

ការអនុម័តនេះ ធ្វើឡើងដោយសំឡេង ១០៥ លើ ១០៦សំឡេង ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសមាជិកសភាសរុប ១០៦រូប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×