ភ្នំពេញៈ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រកាសគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ដែលត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ នេះបេីយោងតាមញ្ញត្តិគាំទ្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។
ញត្តិគាំទ្របានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា យល់ឃើញថាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះក៏មិនខុស ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៩ លើកកន្លងមកផងដែរ គឺត្រូវបានធ្វើឡើងដោយឈរលើ គោលការណ៍គ្រឹះទាំងឡាយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ជាអាទិ៍ របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងក្នុងគោលបំណង ដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេស ការធ្វើឱ្យស្ថាប័នសំខាន់ៗរបស់រដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅរលូន មិនជាប់គាំង និងធានាបាន នូវនិរន្តរភាពនៅគ្រប់កាលៈទេសៈ”។

សូមជម្រាបថា រដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបានបញ្ជាក់ជូនរដ្ឋសភាថា “ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះជាពិសេសការបំពេញបាននូវចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញនិងការធានាឲ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មបម្រើផលប្រយោជន៍របសើជាតិ និងប្រជាជនកម្ពុជា ដូចអ្វីដែលរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុជូនមករដ្ឋសភា”។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបានបញ្ជាក់ទៀតថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល អ្នកវិភាគមួយចំនួនតូច និងគណបក្សនយោបាយ ដោយមិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកឡើងនៅក្នុងញ្ញត្តិរួមរបស់គណបក្សនយោបាយចំនួន ៤ ដែលបានដាក់ជូនរដ្ឋសភា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃសំណើវិសោធនកម្មនោះទេ។ ហើយការលើកឡើងដែលមានចរិកជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០៕ រក្សាសិទ្ធិដោយៈចេស្តារ



