ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ មានអ្នកសារព័ត៌មានជាង ៦០០នាក់ហើយ

ភ្នំពេញ ៖ មន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថាគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ជាង ៦០០នាក់ហើយ ដែលក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិមាន ២៥០នាក់ ដោយកម្ពុជាជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ក្នុងជំនួបក្រៅផ្លូវការជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា នៃរាជធានីភ្នំពេញ ដែលជាកន្លែងរៀបចំកិច្ចប្រជុំក្របខ័ណ្ឌអាស៊ានដ៏សំខាន់នេះ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ មានអ្នកសារព័ត៌មាន ចំនួនជាង ៦០០នាក់ ហើយ មកចុះឈ្មោះយកព័ត៌មាន ក្នុងនោះអ្នកយកព័ត៌មានបរទេសមានចំនួនជាង ២៥០នាក់។

លោក ផុស សុវណ្ណ បញ្ជាក់ថា សម្រាប់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានត្រៀមមន្ត្រី និងបុគ្គលិកចំនួន ៧០រូប ដើម្បីជួយសម្របសម្រួលដល់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ ហើយក៏មានការរៀបចំជាមណ្ឌលព័ត៌មានមួយ សម្រាប់អ្នកសារព័ត៌មានធ្វើការផងដែរ។ មណ្ឌលព័ត៌មាននេះ ក៏នឹងត្រៀមចែកចាយជូននូវរូបភាព និងវីដេអូមួយចំនួនដល់អ្នកសារព័ត៌មាន ហើយក៏អាចទាញយកព័ត៌មាន និងរូបភាព នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ផ្ទាល់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម