Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើ “ប៊ីចេង” ធ្វើឱ្យជ្រុះសក់មែនឬ?

“ធ្វើម្ហូប កុំដាក់ប៊ីចេងច្រើនពេក ប្រយ័ត្នជ្រុះសក់” ធ្លាប់បានឮប្រយោគនេះមកតាំងពីក្មេង មែនទេ? មនុស្សចាស់តែងតែហាមមិនឱ្យក្មេងៗដូចយើង ធ្វើម្ហូប ឬញ៉ាំអាហារដែលមានដាក់ប៊ីចេងច្រើនឡើយ។ សួរថា តើញ៉ាំប៊ីចេងច្រើន ធ្វើឱ្យជ្រុះសក់មែន ឬមិនមែន? បើមានផលអាក្រក់ដល់ថ្នាក់នោះ តើហេតុអី បានជាប៊ីចេង នៅតែជាគ្រឿងផ្សំរបស់ម្ហូបអាហារជាច្រើននៅលើទីផ្សារ? ក្រៅពីធ្វើឱ្យសក់ជ្រុះហើយ តើប៊ីចេងនៅមានផលអាក្រក់ផ្សេងទៀតឬទេ? ថ្ងៃនេះ យើងមានចម្លើយអំពីរឿងនេះ មកជម្រាបជូន។

ប៊ីចេង ជាអ្វី?
ម្សៅប៊ីចេង ឬម៉ូណូសូដ្យូម គ្លុយតាម៉េដ ប្រកបដោយសូដ្យូម(អំបិល) និងអាស៊ីត គ្លុយតាមិក(អាស៊ីតអាមីណូ ១ប្រភេទ)។ ម្សៅប៊ីចេងបានមកពីការផ្អាប់កាកស្ករពីដើមអំពៅ ឬស្ករពីម្សៅដំឡូងមី ដែលជាវត្ថុធាតុដើមធម្មជាតិ ដោយផលិតផលចុងក្រោយដែលទទួលបាន នឹងជាគ្រាប់ដុំពណ៌ស ងាយរលាយក្នុងទឹក និងចូលជាមួយអាហារបានគ្រប់ប្រភេទ។
ម្សៅប៊ីចេង ជាទីពេញនិយមក្នុងការធ្វើជាគ្រឿងផ្សំដែលជួយបង្កើនរសជាតិរបស់អាហារឱ្យរឹតតែល្អឡើង ឬភាសាអ្នកស្រុកហៅថា ធ្វើឱ្យអាហារកាន់តែឆ្ងាញ់ ត្រូវមាត់ខ្លាំងឡើង ដូច្នេះហើយទើបយើងឃើញមានប៊ីចេង តាំងពីក្នុងហាងលក់ម្ហូបអាហារតាមចិញ្ចើមផ្លូវ រហូតដល់រោងចក្រសិប្បកម្មផលិតអាហារ និងនំផ្សេងៗជាច្រើន។
ប៊ីចេង ញ៉ាំច្រើន ជ្រុះសក់មែនឬ??
ការទទួលទានប៊ីចេងច្រើនៗ មិនបានធ្វើឱ្យជ្រុះសក់ ឬធ្វើឱ្យក្បាលទំពែកទេ...គ្មានការអះអាងអំពីផលប៉ះពាល់បែបនេះនៅក្នុងរបាយការណ៍ខាងវេជ្ជសាស្ត្រ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយទាំងអស់។ មនុស្សជាច្រើន បាននាំយកអាការជ្រុះសក់មកពាក់ព័ន្ធ ដើម្បីរកមូលហេតុ ដែលអាចកើតឡើងបានពីការញ៉ាំអាហារ ទើបធ្វើឱ្យម្សៅប៊ីចេងត្រូវក្លាយជាជនជាប់ចោទ តាមជំនឿដែលបានទទួលមកតាំងពីជំនាន់ឪពុកម្ដាយ តែការពិតវិញ មូលហេតុធំៗរបស់ការជ្រុះសក់ គឺកើតចេញពីភាពខុសប្រក្រតីរបស់រន្ធរោមនៅលើស្បែកក្បាល និងសរសៃសក់ទៅវិញទេ...ដូច្នេះជំនឿនេះ មិនមែនជារឿងពិតទេ។

គ្រោះថ្នាក់ពីម្សៅប៊ីចេង
ទោះជាម្សៅប៊ីចេង មិនបានធ្វើឱ្យសក់ជ្រុះមែន តែអ្វីដែលយើងត្រូវបានហាមប្រាមតាំងពីក្មេងៗមកនោះ ព្រោះតែមានរបាយការណ៍ខាងវេជ្ជសាស្ត្រ បានបង្ហាញឱ្យដឹងពីអាការខុសប្រក្រតី របស់អ្នកទទួលទានអាហារ ដែលមានដាក់ប៊ីចេងជាគ្រឿងផ្សំច្រើនៗ មានតាំងពីអាការខុសប្រក្រតីបន្តិចបន្តួច រហូតដល់អាការធ្ងន់ធ្ងរ ដូចជា...
-ស្ងួតក ស្រេកទឹក
-មានអាការប្រតិកម្មចាញ់ម្សៅប៊ីចេង ដូចជាធ្វើឱ្យមាត់ស្ងួត ស្ពឹកអណ្ដាត ដៃ ខ្នង និងកញ្ចឹងកមានអាការស្ពឹក សាច់ដុំទន់កម្លាំង ញ័រទ្រូង មុខក្រហម រហូតដល់ថ្នាក់ខ្យល់គ ក៏មាន។
-ជំរុញអាការហឺតដង្ហក់ និងឈឺក្បាលម៉ៃក្រេន ឱ្យកម្រើកឡើង
តែទោះយ៉ាងណា គេក៏នៅតែមិនអាចសរុប និងបញ្ជាក់ច្បាស់បានថា អាការខុសប្រក្រតីទាំងនោះ បណ្ដាលមកពីម្សៅប៊ីចេងតែម្យ៉ាងនោះដែរ ព្រោះតាមរយៈហេតុការណ៍ពិតៗដែលកើតឡើង និងតាមរយៈការពិសោធ ឃើញថា មានបច្ច័យផ្សេងទៀតជាច្រើនចូលមកពាក់ព័ន្ធ ដូចជាគ្រឿងផ្សំផ្សេងៗ របស់អាហារនៅក្នុងចាននោះ ដែលអាចហុចផលប៉ះពាល់ ធ្វើឱ្យកើតអាការទាំងនោះបានដូចគ្នា។

តែគ្រោះថ្នាក់ បណ្ដាលពីម្សៅប៊ីចេង ដែលកើតឡើងពីអំបិលសូដ្យូម នៅក្នុងម្សៅប៊ីចេង មានដូចតទៅ...
-ប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយថយចុះ
-កើតការវិលវល់ក្នុងខួរក្បាលរបស់ក្មេង ធ្វើឱ្យធំឡើងមកមានអាការមិនគ្រប់ទឹក ឬមានអាការប្រកាច់សន្លប់
-មានគ្រោះថ្នាក់ចំពោះអ្នកជំងឺក្រលៀន លើសឈាម ជំងឺបេះដូង និងជំងឺផ្សេងទៀតដែលពេទ្យហាមទទួលទានប្រៃ
ភាគច្រើនអ្នកបរិភោគ ឬសូម្បីតែអ្នកផលិតម្ហូបអាហារ ច្រើនតែមិនសូវប្រយ័ត្នប្រយែងចំពោះបរិមាណការដាក់ម្សៅប៊ីចេងចូលទៅក្នុងអាហារប៉ុន្មានឡើយ ដោយសារតែម្សៅប៊ីចេង មិនមានរសជាតិប្រៃច្បាស់លាស់ ដូចអំបិលសម្លធម្មតានោះទេ ហើយការដាក់ប៊ីចេងច្រើនៗ ក៏អាចធ្វើឱ្យ មិនសូវទទួលដឹងពីរសជាតិប្រៃបានច្បាស់លាស់ដែរ ទើបអាចធ្វើឱ្យយើងភ្លេចខ្លួន ដាក់ច្រើនជ្រុល រហូតធ្វើឱ្យរាងកាយបានទទួលប៊ីចេងច្រើនជ្រុលដោយមិនដឹងខ្លួន។

តើគួរទទួលទានប៊ីចេងប៉ុនណា ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?
មនុស្សមួយចំនួន ដែលមិនអាចកាត់ប៊ីចេងចេញពីម្ហូបអាហារបានយ៉ាងដាច់ខាតនោះ គួរទទួលទានបាន មិនលើសពី 1ថ្ងៃ កន្លះស្លាបព្រាកាហ្វេ ឬបើត្រូវការឱ្យរសជាតិអាហារមានភាពឈ្ងុយឆ្ងាញ់ស្រដៀងនឹងការដាក់ប៊ីចេងដែរនោះ អាចដាក់វត្ថុធាតុដើមពីធម្មជាតិបាន ដូចជាសារាយ និងទឹកស៊ុបឆ្អឹងជ្រូក ជាដើម។ល។

ទោះជារឿងម្សៅប៊ីចេង ធ្វើឱ្យសក់ជ្រុះ ជារឿងមិនពិតក៏ដោយ តែដែលមនុស្សចាស់ហាមមិនឱ្យយើងញ៉ាំប៊ីចេងច្រើនជ្រុលពេក ពេលនៅក្មេងនោះ ក៏នៅតែជារឿងពិតដែលយើងគួរតែធ្វើតាម និងទោះជាម្សៅប៊ីចេងបង្កប់ដោយគ្រោះថ្នាក់ជាច្រើនក្ដី តែបើប្រើក្នុងបរិមាណដែលស័ក្តិសម ក៏អាចផ្ដល់ប្រយោជន៍ដល់អ្នកទទួលទាន ដូចជាយើងគ្រប់គ្នាបានដែរ៕  
×