ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តនូវការខិតខំប្រឹងប្រែងពួនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៀត ដែលគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ។ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកស្មុគស្មាញជាច្រើន ហើយបានរួមសាមគ្គីគ្នារឹងមាំប្រយុទ្ធប្រឆាំងសត្រូវរួមដើម្បីបុព្វហេតុឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ។ ហេតុនេះ ថ្នាក់ដឹកនាំបច្ចុប្បន្នត្រូវបន្តខិតខំរក្សាប្រពៃណីសាមគ្គីភាព មិត្តភាពឱ្យកាន់តែរឹងមាំជាងទៀត ដើម្បីទុកជាមរតកសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ។
ការបញ្ជាក់នេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវ និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
សម្តេចប្រធានព្រឹទ្ធសភាជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ នឹងរួមចំណែកពូនជ្រុំនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ក្នុងនាមគណៈប្រតិភូ លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ លោកជំទាវបានជម្រាបថា នេះជាលើកទី១ហើយ ដែលលោកជំទាវបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។

លោកជំទាវ ង្វៀន ធីថាញ់ បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានស្តានិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកជំទាវបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេស កម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដូចជាការទទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការទទួលធ្វើជាប្រធានប្តូរវេនអាស៊ាន និងAIPA ព្រមទាំងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ។
លោកជំទាវ ង្វៀន ធីថាញ់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រពៃ តាមទស្សនៈ «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យ និងស្ថិតស្ថេរ» ហើយភាពជោគជ័យ និងការសប្បាយរីករាយរបស់កម្ពុជា គឺជាជោគជ័យនិងការសប្បាយរីករាយរបស់វៀតណាម។
ក្នុងនាមប្រជាជនវៀតណាម លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរអរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយគាំទ្រនិងពូនជ្រុំទំនាក់ទំនងមិត្តភាពល្អប្រពៃណីរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនោះ លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គលេខាបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានរដ្ឋសភា ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះធ្វើឡើងស្របពេលដែលប្រទេសទាំងពីរបាននឹងកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានរៀបចំកម្មវិធីសកម្មភាពជាច្រើន ដូចជាការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំមន្រ្តី ជាន់ខ្ពស់ អាជ្ញាធរខេត្ត ក្រុង។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ប្រទេសទាំងពីរបានប្រារព្ធមីទ្ទិញដើម្បីអបអរសាទរខួបលើកទី៥៥ឆ្នាំ ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។ ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកស្មុគស្មាញជាច្រើន ហើយបានរួមសាមគ្គីគ្នារឹងមាំប្រយុទ្ធប្រឆាំងសត្រូវរួមដើម្បីបុព្វហេតុឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍ។ ហេតុនេះ ថ្នាក់ដឹកនាំបច្ចុប្បន្នត្រូវបន្តខិតខំរក្សាប្រពៃណីសាមគ្គីភាព មិត្តភាពឱ្យកាន់តែរឹងមាំជាងទៀត ដើម្បីទុកជាមរតកសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនទាំងពីរនេះ ដែលបន្តរីកចម្រើនលើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង ក្រោមស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ សភា រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេ ដោយចាត់ទុកវៀតណាម គឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាតែងតែគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុវត្តន៍នូវរាល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលសមាគមមិត្តភាពនៃប្រទេសទាំងពីរសម្រេចបាន ជាពិសេសក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងស្មារតី សម្ភារ និងថវិកា ក៏ដូចជាការឃោសនាអប់រំ ឲ្យប្រជាជននៃប្រទេសទាំងពីរបានយល់ច្បាស់អំពីសភាពការណ៍ និងសមិទ្ធផលរួមនៃប្រទេសទាំងពីរ ក្នុងនោះឲ្យយល់ច្បាស់អំពីកត្តាស្លាប់រស់នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រជាជននៃប្រទេសទាំងពីរមានសេចក្តីសប្បាយរីករាយណាស់ ដោយមើលឃើញរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកសាងខ្សែបន្ទាត់ព្រំដែន ឲ្យក្លាយជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
សម្តេចប្រធានព្រឹទ្ធសភាបានលើកទឹកចិត្តឱ្យសមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តនូវការខិតខំប្រឹងប្រែងពួនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងម៉ាំ និងខ្លាំងក្លាជានេះទៀត ដែលគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ។
ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន។ សម្តេចមានជំនឿថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១៣នៃបក្សកុម្មុយនីស្តវៀតណាម។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តាំផ្ញើការសួរសុខទុក្ខចំពោះសម្តេច។ តាមរយៈគណៈប្រតិភូ សម្តេចបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹកជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់។ សម្តេចបានប្រសិទ្ធពរជូនពរគណៈប្រតិភូ មានសុខភាពល្អ និងដំណើរទស្សនកិច្ចនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកបដោយជោគជ័យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ






