ភ្នំពេញ ៖ បន្ទាប់ពីអ្នកសារព័ត៌មានចោទសួរអំពីភាពចម្រូងចម្រាសនៅក្នុងតំបន់ ជាពិសេសបញ្ហាតៃវ៉ាន់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ពិភពលោកនោះ ថាតើក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នឹងលើកយករឿងនេះមកជជែកដែរឬយ៉ាងណា?! អ្នកនាំពាក្យផ្លូវការពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក គង់ ភោគ បានឆ្លើយតបថា បញ្ហាតានតឹងនៅក្នុងតំបន់មួយចំនួន នឹងមានភាពចាំបាច់ត្រូវជជែកគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះថា កិច្ចប្រជុំនេះ ក៏នឹងមានវត្តមានរដ្ឋមន្រ្តីការបរទេសមហាអំណាច ចិន រុស្ស៉ី និងអាមេរិក ផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយនៅសណ្ឋាគារសុខាភ្នំពេញ លោក គង់ ភោគ បានថ្លែងឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ មិនមែនមានតែបញ្ហាសន្តិសុខមួយមុខនោះទេ គឺយើងមានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ ហើយភាគីទាំងអស់ក៏ទទួលស្គាល់ការពិតមួយនេះដែរ គឺមានភាពចាំបាច់ ដែលត្រូវអង្គុយចុះជជែកគ្នា ស្វែងរកដំណោះស្រាយ ក៏ដូចជាពង្រីកការសហការដើម្បីដោះស្រាយបញ្ហាអស់នោះ។
អ្នកនាំពាក្យផ្លូវការពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរូបនេះ លើកឡើងថា យើងមើលជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងរុស្ស៉ី និងជំនួបសន្ទានាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន និងអាមេរិក ជាដើម ហើយទាញការវាយតម្លៃថា ចំណុចខ្លះទោះបីជាមានចំណុចខុសគ្នាក៏ដោយ ក៏នៅមានចំណុចមួយចំនួនទៀត ពួកគាត់បានរួមគ្នាដោះស្រាយ ដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ, ការសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០, ឧទាហរណ៍ ដូចជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ-១៩ និងការទប់ស្កាត់កុំឱ្យមានវិបត្តិសេដ្ឋកិច្ច ជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ បាននិងកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ កិច្ចប្រជុំនេះ មានរដ្ឋមន្រ្តីមកពីប្រទេស ចំនួន ៣៨ បានបញ្ជាក់អំពីវត្តមានរបស់ខ្លួន, ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ព័ត៌មានចុងក្រោយបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលជាសមាជិកអាស៊ាន មិនបានមកចូលរួមប្រជុំផ្ទាល់ឡើយ ដោយហេតុថា លោកបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសដែនកោះមួយនេះ បានចាត់តំណាងម្នាក់ដែលជាអនុរដ្ឋមន្រ្តីការបរទេសមកចូលរួមជំនួស។ ចំណែកប្រទេសមីយ៉ាន់ម៉ា បានបោះបង់ឱកាស ដោយមិនបញ្ជូនឥស្សរជនមិនមែនអ្នកនយោបាយ មកចូលរួមតាមការអញ្ជើញរបស់កម្ពុជានោះទេ។
គួរកត់សម្គាល់ថា កិច្ចប្រជុំថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ត្រូវបានរៀបចំឡើងខណៈដែល ចិន និងអាមេរិក កំពុងមានភាពតានតឹងតាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានសភាអាមេរិក លោកស្រី ណេនស៉ី ប៉េឡូស៉ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីប្រទេសទាំងអស់ដែលមកចូលរួមកិច្ចប្រជុំនាពេលនេះ នឹងប្រើប្រាស់វិធីសាស្ត្រឱ្យអស់លទ្ធភាព ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN























