ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹង ថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។នេះបើយោងតាមសេចក្តីការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានបានតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវត្តន៍ថ្មីៗនៅ ច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖

១. គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។
២. គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។
៣. គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ពាក់ព័ន្ធបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ អាស៊ានបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីការកើនឡើង នៃភាពតានតឹង ដែលស្ថានភាពនេះបើសិនគ្រប់គ្រងមិនបានល្អនឹងនាំទៅដល់ការគណនាខុសក៏ដូចជាការកើតឡើងនៃកំដៅរវាងភាគីពាក់ព័ន្ធ។
ដូច្នេះអាស៊ានស្នើអោយភាគីពាក់ព័ន្ធទាំងអស់បញ្ជៀសការបង្កហេតុ ឬក៏ការប្រព្រឹត្តសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនេះ ហើយព្យាយាមអោយអស់លទ្ធភាពដើម្បីបន្ធូបន្ថយស្ថានភាពតានតឹង ចាប់ផ្តើមជជែកចរចាគ្នាដើម្បីធ្វើអោយស្ថានភាពមកធម្មតាវិញ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និងជាអ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌ មាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ សុខា ។
អ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តម គង់ ភោគ បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជានៅតែប្រកាន់គោលជំហរ ឬមួយក៏គោលការណ៍ចិនតែមួយ ។ ហើយសង្ឃឹមថា រាល់ឯកសារទាំងឡាយដែលភាគីទាំងអស់ បានយល់ស្របគ្នាហើយបន្តអនុវត្តអោយបានពេញលេញ ពីព្រោះទាំងអសនេះ គឺសុទ្ធតែជាកត្តាធ្វើឲ្យមានស្ថេរភាព ក៏ដូចជាអោយមានលំនឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសដែលពាក់ព័ន្ធនៅក្នុងច្រកសមុទ្រតៃវ៉ាន់៕ រក្សាសិទ្ធិដោយៈ ចេស្តារ






