ភ្នំពេញ ៖ ពាក់ព័ន្ធនឹងរបៀបវារៈ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រុមអ្នកចូលរួមបានលើកយកបញ្ហាក្នុងតំបន់ និងពិភពលោក ជាពិសេសបញ្ហាសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន មកពិភាក្សា ហើយជាលទ្ធផល អាស៊ានបានជំរុញឱ្យភាគីទាំងអស់មានការអត់ធ្មត់ខ្ពស់បំផុត និងបញ្ចប់ជម្លោះឲ្យបានឆាប់បំផុត។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលមួយចំនួននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ, លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំនេះ ថ្លែងឲ្យដឹងពីលទ្ធផលខ្លះៗថា បញ្ហាអ៊ុយក្រែន និងរុស្ស៊ី អាស៊ានបានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ធ្មត់ខ្ពស់បំផុត និង កាត់បន្ថយភាពតានតឹង ដើម្បីអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការបំផុត, ជំរុញឲ្យបញ្ចប់ជម្លោះនេះឲ្យបានឆាប់រហ័ស មិនមែនសម្រាប់ប្រយោជន៍តែប្រជាជនដែលរងគ្រោះ ដោយសារជម្លោះនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវបញ្ចៀសផលប៉ះពាល់ទូទាំងពិភពលោក។ ឧទាហរណ៍ វិបត្តិនៃកង្វះស្បៀងអាហារ, ការឡើងថ្លៃថាមពល, បញ្ហានៃវិបត្តិសេដ្ឋកិច្ចផ្សេងៗទៀត និងគោរពគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងការសន្ទនាប្រកបដោយសន្តិវិធី និងស្ថាបនា ដើម្បីបញ្ចប់ជម្លោះនេះ។

សូមរំលឹកថា ប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីប្រទេសរងមីស៊ីលរាប់ម៉ឺនគ្រាប់នេះ ប្រកាសចង់ចូលសមាជិកណាតូ (NATO), រហូតមកដល់ពេលនេះ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានអូសអន្លាយរយៈពេល ៥ខែមកហើយ, ហើយរុស្ស៉ីកំពុងគ្រប់គ្រងស្ទើរតែទាំងស្រុងនៅតំបន់ដុនបាស់ និងទីតាំងសំខាន់ៗជាច្រើនទៀត, ចំណែកអ៊ុយក្រែនរងការខ្ទេចខ្ទាំយ៉ាងដំណំ។
ងាកមកមើលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះ នឹងមានកិច្ចប្រជុំពាក់ព័ន្ធជាច្រើន រួមទាំងកិច្ចប្រជុំអាស៊ានបូក មានដូចជា អាមេរិក ចិន សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ។ល។ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















