ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វ៉ាង យី បញ្ជាក់ថា ចិន នៅតែគាំទ្រកម្ពុជាឥតងាករេ ខណ:សម្ដេចតេជោ ហ៊ុន សែន ថា គាំទ្ររហូតដល់អ្នកបន្តវេន នៅតែរឹងមាំ

ភ្នំពេញ ៖ ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង យី ខណៈដែលរដ្ឋមន្ត្រីការបរទេសចិនរូបនេះ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននោះ លោក វ៉ាង យី ប្រធានប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា និងឥតងាករេ ចំពោះកម្ពុជា បើទោះបីនយោបាយតំបន់ និងពិភពលោក កំពុងវិវឌ្ឍន៍យ៉ាងស្រួចស្រាវយ៉ាងណាក៏ដោយ។

ក្រោយជំនួបមេដឹកនាំ កម្ពុជា-ចិន នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព, លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានជជែកគ្នាច្រើនទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងលើពិភពលោកផងដែរ។

លោក វ៉ាង យី បានគូសបញ្ជាក់ថា គោលជំហររបស់រដ្ឋាភិបាលចិន ចំពោះកម្ពុជា គឺ ចិនបន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង និងបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា, ប្រធានប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានអបអរសាទរចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងលើសលុប ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីការដឹកនាំយ៉ាងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។

ចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេសការការពារអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។ ចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំចំពោះអ្នកដឹកនាំបន្តវេណមកពីគណបក្សប្រជាជនកម្ពុជា ដែលជាកូនសោដ៏សំខាន់សម្រាប់កម្ពុជា និងសម្រាប់មិត្តភាពរវាងកម្ពុជា-ចិន។

ពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន សម្តេចតេជោ ហ៊ុន សែន បានរំលេចឡើងថា ទំនាក់ទំនងរវាង កម្ពុជា-ចិន បានចាក់គ្រឹះយ៉ាងរឹងមាំ មានភាពស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន, ហើយកម្ពុជា ក៏ បានរៀបចំរួចជាស្រេចហើយ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង កម្ពុជា-ចិន នៅតែបន្តរឹងមាំជាមួយការដឹកនាំរបស់អ្នកបន្តវេណ ដោយមិនមានការប្រែប្រួលនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម