ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព បានប្រកាសជាឱឡារិកថា រដ្ឋាភិបាលចិន គាំទ្រយ៉ាងមុតមាំចំពោះអ្នកបន្តវេនរបស់កម្ពុជា ហើយបានចាត់ទុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនមានភាពចាស់ទុំ មានប្រជាប្រិយភាពទាក់ទាញប្រជាពលរដ្ឋ និងមានចក្ខុវិស័យវែងឆ្ងាយ ដូចនឹងសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកផងដែរ។
លោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីពេលនេះ រហូតដល់អ្នកបន្តវេនរបស់កម្ពុជា ដោយគូសបញ្ជាក់ថា គោលជំហររបស់រដ្ឋាភិបាលចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង និងបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា និងបន្តគាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ជាពិសេសការការពារអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។

លោក វ៉ាង យី បានកត់សម្គាល់យ៉ាងមុតមាំថា ដោយសារតែកម្ពុជាមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមាននយោបាយជោគវាសនារួមគ្នា បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅតែរឹងមាំ ទោះបីប្រឈមនឹងភាពមិនច្បាស់លាស់ និងការវិវឌ្ឍន៍យ៉ាងស្រួចស្រាវចំពោះស្ថានការណ៍តំបន់ និងពិភពលោក។ ដូច្នេះ ចិនសូមប្រកាសថា នឹងបន្តគាំទ្រយ៉ាងរឹងមាំចំពោះអ្នកដឹកនាំបន្តវេនរបស់កម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា ដែលជាកូនសោដ៏សំខាន់សម្រាប់កម្ពុជា និងសម្រាប់មិត្តភាពរវាងកម្ពុជា-ចិន។
ស្របពេលដែល លោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រហូតដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនប្រជាជនកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ចំពោះការគាំទ្ររបស់ចិន ចំពោះគោលនយោបាយរបស់កម្ពុជា ទាំងនយោបាយផ្ទៃក្នុង និងបន្ទាត់នយោបាយការបរទេស, ដោយសម្តេចតេជោ បញ្ជាក់ថា កម្ពុជា បានរៀបចំរួចហើយ ក្នុងការធានាឱ្យទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរឹងមាំ ជាមួយការដឹកនាំរបស់អ្នកបន្តវេន ដោយមិនមានការប្រែប្រួលនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









