ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានស្ថាបនាឡើងនៅលើផ្ទៃដីសរុប ៣៥៧ហិកតានោះ មានអ្នកវិយោគសរុប ចំនួន ១០២ក្រុមហ៊ុន ផ្តល់ការងារដល់កម្មករ-និយោជិត ចំនួន ៣៩,១០០នាក់ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ចំនួននេះកើនឡើង ៤២.៩% ធៀបនឹងចំនួនកម្មករ-និយោជិត ដែលមានសរុបគិតត្រឹម ខែកក្កដា ឆ្នាំ២០២១។
ទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នេះដែរ គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ការនាំចេញមានតម្លៃរហូតដល់ ៤៩២.៧ លានដុល្លារសហរដ្ឋអាមេរិក ដែលនេះបង្ហាញពីកំណើនវិជ្ជមានរហូតដល់២៦% ធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍បង្ហាញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាអាចគ្រប់គ្រងជំងឺរាតត្បាត កូវីដ-១៩ បានល្អជាងប្រទេសដទៃទៀតជាច្រើន និងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់សកម្មភាពសេដ្ឋកិច្ចទៀតផង។ រូបលោក ប្តេជ្ញាបន្តគាំទ្រវិនិយោគិន ដើម្បីចូលរួមចំណែកក្នុងវិស័យឧស្សាហូបនីយកម្ម របស់ប្រទេសកម្ពុជា ក៏ដូចជាបង្កើតបរិយាកាសវិនិយោគដែលមានភាពងាយស្រួល ស្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗបែបច្នៃប្រឌិត។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ជាមួយនឹងស្ថានភាពនយោបាយ ស្ថានភាពសង្គមដ៏មានស្ថិរភាព និងច្បាប់វិនិយោគថ្មីដ៏ទាក់ទាញនៅប្រទេសកម្ពុជា យើងមានទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងវិស័យផលិតកម្មច្រើនទៀត និងជំរុញបរិមាណនៃការនាំចេញឲ្យបានកាន់តែច្រើនលើសពីនេះទៀត។
ចំណែក លោក អ៊ីម៉ាស៊ុ ហ៊ីរ៉ូស៊ី (UEMATSU Hiroshi) នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានថ្លែងពាក់ព័ន្ធនឹងដំណើរការថា «មូលហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ និងឱកាសការងារកាន់តែច្រើន សម្រាប់កម្មករ-និយោជិត គឺកើតឡើងដោយសារតែការពង្រីកផលិតកម្ម នៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក, លើសពីនេះទៀត គឺការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំបំផុតនោះ បានពង្រីកចង្វាក់ផលិតកម្ម តាមខ្សែឈរ (vertically integrated manufacturer), ពោលគឺ មានការផ្គត់ផ្គង់វត្ថុធាតុដើម និងបំពេញគ្រប់ខ្សែចង្វាក់ផលិតកម្មដោយខ្លួនឯង រហូតដល់ផលិតផលសម្រេច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















