Tuesday, August 16, 2022

ជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា និងអនុប្រធានគណៈកម្មការ អឺរ៉ុប ដេីម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

spot_img

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាព អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការ អឺរ៉ុប បាន ប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ ក្នុងអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ ដែលរៀបចំកម្ពុជា។

អំពីទំនាក់ទំនង ទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម បូរ៉េល បានសម្តែង នូវសេចក្តីរីករាយ ចំពោះការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការ និង បានពិភាក្សាអំពីមធ្យោបាយ នានា ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជា ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបមិនត្រឹមតែជាម្ចាស់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាដៃគូល្អទាំងក្នុងផ្នែក នយោបាយ និងសេដ្ឋកិច្ច និងបានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះសហភាពអឺរ៉ុប និងប្រទេសជាសមាជិក សម្រាប់ការបន្តគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម បូរ៉េល ក៏បានរំលឹកឡើងវិញផងដែរអំពីភាពជោគជ័យនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលបានប្រព្រឹត្តទៅ កាលពីដើមឆ្នាំនេះនៅរាជធានីភ្នំពេញ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រាស្រ័យ ទាក់ទងគ្នា ជាទៀងទាត់ អំពី ការពង្រឹងកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយការ ភ័ន្តច្រលំអំពីគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តម បូរ៉េល អំពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា លើផ្នែកលទ្ធិប្រជាធិបតេយ្យ ជាពិសេស ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីដើមខែមិថុនាឆ្នាំនេះ ដែលបានដំណើរការដោយសេរី យុត្តិធម៌ និងតម្លាភាព ជាមួយនឹងអត្រាអ្នកទៅបោះឆ្នោតច្រើនជាង៨០% និងមានការចូលរួម ប្រកួតប្រជែងពីគណបក្សនយោបាយចំនួន ១៧គណបក្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម បូរ៉េល ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗផងដែរ។
ក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តម បូរ៉េល បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានអញ្ជើញ ឯកឧត្តម ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមក្នុង ពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឋានៈជាភ្ញៀវរបស់ ប្រធានអាស៊ាន ឆ្នាំ២០២២។

ភាគីទាំងពីរក៏បានរំពឹងដល់ កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប ដើម្បី អបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហភាពអឺរ៉ុប នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះជាមួយនិងតំណាង សហភាពអឺរ៉ុប៕ រក្សាសិទ្ធិដោយៈ ចេស្តារ