Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាលំដាប់ មិនមែនមានស្ថានភាពខ្មៅងងឹតដូចការលើកឡើងរបស់ OHCHR នោះទេ

spot_img

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើការថ្កោលទោស និងច្រានចោលចំពោះរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីសេរីភាពសារព័ត៌មាន នៅកម្ពុជាថា ត្រូវបានវាយប្រហារ រឹតត្បិត គំរាមកំហែង ឬជ្រៀតជ្រែកជាដើមនោះ គឺជារឿងមិនត្រឹម ត្រូវនោះឡើយ។ សេរីភាពសារព័ត៌មាននៅកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាលំដាប់ មិនមែនមានស្ថានភាពខ្មៅងងឹត ដូចអ្វីដែលបានសរសេរក្នុងរបាយការណ៍របស់ OHCHR នោះឡើយ។

ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើការឆ្លើយដូចតទៅ៖ ចំពោះរបាយការណ៍នេះ ពុំមានអ្វីប្លែក និងពុំមែនជារឿងថ្មីដែល ត្រូវយកចិត្តទុកដាក់ខ្លាំងពេកនោះទេ ព្រោះក្រុមអ្នកសរសេររបាយការណ៍ នេះ ពួកគាត់ប្រមូល ព័ត៌មានតែម្ខាង ឬពីមនុស្សមួយក្រុមតូច ប៉ុណ្ណោះ ហើយយកមកធ្វើការសន្និដ្ឋាន និង វាយតម្លៃ អំពីសេរីភាពសារព័ត៌មាននៅកម្ពុជា ថាត្រូវបានវាយប្រហារ រឹតត្បិតគំរាមកំហែង ឬ ជ្រៀតជ្រែក ជាដើមនោះ ជារឿងមិនត្រឹមនោះឡើយ។ ការ សរសេរ របាយការណ៍មួយ គួរប្រមូល ព័ត៌មានឲ្យបានច្រើន និងគ្រប់ជ្រុងជ្រោយ។ កន្លងមក ទោះបីជាមានការពន្យល់ បកស្រាយបំភ្លឺជាច្រើន លើកច្រើនសាររួច មក ហើយ របស់ក្រសួង ព័ត៌មាន និង ក្រសួង -ស្ថាប័ន ពាក់ព័ន្ធទៅនឹងការលើកឡើង ក្នុងរបាយការណ៍នេះក៍ដោយ ក៍ក្រុមអ្នកសរសេររបាយការណ៍ នេះ មិនបានយកទៅធ្វើការសិក្សាស្រាវជ្រាវ និង ពិចារណា លើការពន្យល់ បកស្រាយបំភ្លឺរបស់ ក្រសួង -ស្ថាប័ន ពាក់ព័ន្ធឡើយ ។ ចំណុចនេះបញ្ជាក់បានថា ការសរសេររបាយការណ៍នេះ គឺ សរសេរទៅតាមអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយ នៅកម្ពុជា ត្រូវបានធានា និងអនុវត្តយ៉ាង ពេញលេញ ដោយច្បាប់របបសារព័ត៌មានច្បាប់ និងលិខិតបទដ្ឋាននានា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ ។ ផ្អែកលើច្បាប់ ដែលមាន ជាធរមានអ្នកសារព័ត៌មាន និងអ្នកប្រកប វិជ្ជាជីវៈសារព័ត៌មាន អាចបំពេញតួនាទីភារកិច្ច របស់ពួកគេយ៉ាងពេញលេញ គ្រប់ពេលវេលា និង គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះ ទៅស្វែងរក ព័ត៌មាន និងរាយការណ៍ ព័ត៌មាន ដែលពួកគេទទួលបានពីប្រភពនានា។ បន្ថែម ពីនេះ អ្នកសារព័ត៌មាន និងអ្នកប្រកប វិជ្ជាជីវៈសារព័ត៌មាន ទទួលបាននូវការផ្តល់តម្លៃនិង សិទ្ធិសេរីភាព ដោយស្មើភាពគ្នាតាមផ្លូវ គ្មានការ រើសអើង ប្រកាន់ និន្នាការនយោបាយ ឬទស្សនៈផ្ទុយនោះឡើយ ។ ព្រមជាមួយ គ្នានេះ ដែរ បច្ចុប្បន្ន នេះ ព្រះរាជាណាចក្រកម្ពុជា មាន អង្គការសារព័ត៌មានជាតិ និងបរទេស ប្រកប ដោយភាពចម្រុះ និង គ្រប់ទស្សនៈប្រមាណ ២១១៧ អង្គភាព ដែលបានចុះ បញ្ជីនៅក្រសួង ព័ត៌មាន និង មានអ្នកសារព័ត៌មានជាតិ និងបរទេសប្រមាណ ជា ៦០០០នាក់ កំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ហេតុការណ៍ ដែលបានកើតឡើង ជូនសាធារណជនទូទៅទាំងក្នុង និងក្រៅប្រទេសបានយ៉ាងទូលំទូលាយ និង សម្បូរបែបគ្រប់ ពេលវេលា និង គ្រប់ ទីកន្លែង ។ ដូច្នេះស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាមានការវិវឌ្ឍរីកចម្រើនជាលំដាប់ មិនមែនមានស្ថានភាពខ្មៅងងឹត ដូចអ្វីដែលបាន សរសេរក្នុងរបាយការណ៍ នេះឡើយ។

អ្នកនាំពាក្យបានបន្តថា នៅកម្ពុជា ក៍មិនខុសប្លែកពីបណ្តាប្រទេសនានាដែរ ការកសាងច្បាប់ និងលិខិតបទដ្ឋាននានា គឺ ក្នុងគោលបំណងធានានូវការបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ សំដៅធានាបាននូវគោលការណ៍នីតិរដ្ឋ ក្នុង សង្គមប្រជាធិបតេយ្យ ។ ដូច្នេះ រាល់ការ កសាង ច្បាប់ និងលិខិតបទដ្ឋាននានា ពុំអាចចាត់ទុកថាជាឧបករណ៍ ក្នុងការបំបិតសិទ្ធិសេរីភាព ឬ រឹតត្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ ឬ សេរីភាពសារព័ត៌មាននោះទេ។ ជាក់ស្ដែង ច្បាប់កូវិដ គឺសំដៅធានាការពារសុខភាពសាធារណៈ របស់ប្រជាជនកម្ពុជាទាំងមូល គឺមិនមែន ដើម្បីអ្នកណាម្នាក់ ឬក្រុមណាមួយនោះទេ។ លិខិតបទដ្ឋានផ្សេង ដូចជាប្រកាសអន្តរក្រសួង លេខ១៧០ គឺដើម្បី ប្រយុទ្ធប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ ឬព័ត៌មានមិនពិត និងអនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិត គឺដើម្បីគ្រប់គ្រងការប្រមូល ពន្ធជូនរដ្ឋ និងការពារការ ឆបោកតាមអនឡាញ ការផ្សព្វផ្សាយ រូបភាពអាសអាភាស ជាដើម ដែលទាំងអស់នេះ គឺសុទ្ធតែដើម្បីការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូល។

ផ្អែកតាមច្បាប់ របប សារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ក៍បានចែងអំពីការទទួលខុសត្រូវ ផ្នែកព្រហ្មទណ្ឌ របស់អ្នកសារព័ត៌មាន ឬអ្នកប្រកប វិជ្ជាជីវៈសារព័ត៌មានដែរ ហើយអ្វី ដែលមានចែងក្នុងច្បាប់កម្ពុជានេះ ក៏ពុំមែនជាករណី ដោយឡែកពីបណ្តាប្រទេសដទៃនោះដែរ។ ក្នុងន័យនេះ ប្រសិនបើអ្នកសារព័ត៌មាន ឬអ្នកប្រកប វិជ្ជាជីវៈ សារព័ត៌មាន ប្រព្រឹត្តិខុសច្បាប់ ហើយ ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចរកឃើញនូវ ទោសកំហុសដែលពួកគេបាន ប្រព្រឹត្តិពួកគេត្រូវទទួលខុសត្រូវ តាមច្បាប់ជាធរមាន ។ ហើយ ការអនុវត្តទោសកំហុស ទៅតាមនីតិវិធីច្បាប់ ពុំមែនជាការគំរាមកំហែង ឬ បំបិតសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននោះឡើយ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តទៀតថា តាមការសង្កេតរបស់ក្រសួងព័ត៌មាន បច្ចុប្បន្ននេះ ចំនួនស្រ្តីដែលជាអ្នកសារព័ត៌មាន និងធ្វើការពាក់ព័ន្ធ នឹង វិស័យព័ត៌មាន មានការកើនឡើងជារៀងរាល់ឆ្នាំដែលនេះ បង្ហាញពីការទទួលស្គាល់នូវសិទ្ធិស្មើគ្នា រវាង ស្ត្រីនិងបុរសក្នុងបំពេញការងារ ទៅតាមវិជ្ជាជីវៈ និងសមត្ថភាព ។ កន្លងមក មានការលើកឡើងមួយចំនួន អំពីការបៀតបៀន រាងកាយ ឬផ្លូវភេទ ឬហឹង្សាលើស្ត្រីជាអ្នកសារព័ត៌មាន ប៉ុន្តែក្រសួង ព័ត៌មាន ពុំដែលបានទទួលនូវការស្នើសុំជួយអន្តរគមន៍ ឬ ជំនួយផ្លូវច្បាប់ ឬ ពាក្យបណ្តឹងពីស្រ្តីអ្នកសារព័ត៌មានដែលបាន ទទួលរងពីអំពើខាងលើនោះឡើយ។ ក្នុងករណីមានអំពើដូចការលើកឡើងនេះ ក្រសួងព័ត៌មាន គាំទ្រនិងលើកទឹកដល់ស្ត្រ អ្នកសារព័ត៌មានមាន ភាពក្លាហានក្នុងការដាក់ពាក្យ បណ្ដឹង ទៅអាជ្ញាធរ មានសមត្ថកិច្ចចំពោះបុគ្គល ដែលបានប្រព្រឹត្តិ អំពើខាងលើមកលើខ្លួន។ ក្រសួងស្វាគមន៍ ចំពោះកិច្ចការសហការរបស់ជនរងគ្រោះ ភាគីពាក់ព័ន្ធ ជាពិសេស OHCHR សូម ផ្ដល់ ព័ត៌មានជាក់លាក់ ចំពោះ ស្ត្រីអ្នកសារព័ត៌មានដែលរង គ្រោះដោយ អំពើខាងលើ មកក្រសួង ព័ត៌មាន ឬ ផ្តល់ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បី អនុវត្ត ទៅតាមនីតិវិធីច្បាប់ ដើម្បីការពារ និងរកយុត្តិធម៌ ជូនជនរងគ្រោះ ។ ប៉ុន្តែបើគ្មានការ បញ្ជាក់ជាក់ស្តែងទេ ក្រសួងព័ត៌មាន សូមច្រានចោល និង ថ្កោលទោស ចំពោះ អំណះ អំណាងបែបនេះថា មានចរិតនយោបាយ ពិសពុលសម្តៅ បន្ទាបបន្ថោកដល់រាជរដ្ឋាភិបាលកម្ពុជា ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា ក្នុងអំឡុងពេល នៃដំណើរការ នៃបោះឆ្នោត អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចបំពេញ ការងាររបស់ពួកគេ ដោយសេរី ក្នុងការផ្សព្វផ្សាយព័ត៌មាននានា ពាក់ព័ន្ធនឹងការបោះឆ្នោត ទៅសាធារណជន ដោយគោរពទៅច្បាប់ និង គោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹង ការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ។ ហើយកន្លងមក ក្រសួងព័ត៌មាន និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងតែបានរៀបរៀបចំនូវកម្មវិធីស្មើភាព ចំពោះគណបក្សនយោបាយនានា ដែលបានចូលរួមប្រកួត ប្រជែងក្នុងការ បោះឆ្នោតនីមួយៗ ដោយកម្មវិធីនេះ ត្រូវបានចាក់ផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយជាតិទាំងអស់ ដែលមាន វិសាលភាព គ្រប់ ដណ្ដប់ទូទាំងប្រទេស ដែលអនុញ្ញាតអោយគណបក្ស នយោបាយ នីមួយៗ បានផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ពិនិត្យពិចារណា ដើម្បីធ្វើការសម្រេចចិត្តទៅលើគណបក្ស ដែលពួកគាត់ពេញចិត្ត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×