Tuesday, August 16, 2022

រដ្ឋមន្ត្រីការបរទេសកម្ពុជា និង អូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ផេននី វង បានរំលឹកឡើងវិញអំពីកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីខែមិថុនា កន្លងទៅ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអូស្រ្តាលីដែលបានគាំទ្រដល់ដំណើរការសន្តិភាពនៅកម្ពុជា និងជំនួយជាបន្ទាប់ដែលមិនអាចកាត់ថ្លៃបានរបស់អូស្រ្តាលី ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច -សង្គមរបស់កម្ពុជា ជាពិសេស ជំនួយវ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូស និងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ សម្រាប់កុមារ ចំនួន ២០០,០០០ដូស ដែលទើបបានដឹកជញ្ជូនមកដល់ជាលើកទី១ នាពេលថ្មីៗនេះ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយសង្កត់ធ្ងន់អំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានានៃវិបត្តិនៅមីយ៉ាន់ម៉ា និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុង ការបន្តកិច្ចខិតខំរបស់ឯកឧត្តម ក្នុងការជួយ ប្រទេសមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ។

ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ផេននី វង ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅលើបញ្ហាតំបន់ និងអន្តរជាតិដ៏ទៃទៀត ដែលជាកង្វល់រួម ផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ