ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប៉ាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នូវទំនាក់ទំនងទ្វេភាគីប្រកបដោយភាតរភាព ដូចស្តែងឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបានឯកភាពគ្នាជំរុញបន្ថែមទៀតកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយភាពធន់ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយបានបញ្ជាក់ឱ្យឃើញតាមរយៈការកើនឡើងខ្ពស់នូវទំហំពាណិជ្ជកម្ម ទ្វេភាគី ទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ ក្តី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានសុទិដ្ឋិនិយមថា សកម្មភាពពាណិជ្ជកម្ម នឹងត្រូវបានជំរុញកាន់តែខ្លាំង នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ចូលជាធរមាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកត់សម្គាល់ផងដែរថា សាធារណរដ្ឋកូរ៉េ បានឈរនៅលេខរៀងទី២ នៅក្នុងតារាងការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ហើយការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងដើរតួនាទីជាក្របខ័ណ្ឌក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះតួនាទីរបស់សាធារណរដ្ឋកូរ៉េ ថាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា និងបានថ្លែងអំណរសម្រាប់ជំនួយអភិវឌ្ឍដ៏ច្រើនជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមទាំងជំនួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។ ក្នុងវិស័យដោះមីន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអរគុណសមភាគីរបស់ឯកឧត្តម ចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េដល់កិច្ចខិតខំ ប្រឹងប្រែងក្នុងការដោះមីនដោយខ្លួនឯងរបស់កម្ពុជា និងការគាំទ្រដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានការិយាល័យនៅរាជធានីភ្នំពេញ។
ក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តម ប៉ាក ជីន បានអះអាងជាថ្មីអំពីការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំនេះ និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការសោកស្តាយចំពោះការពន្យាពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១២ និងបានស្នើឱ្យសម្របសម្រួលរកពេលវេលាសមស្របដើម្បីរៀបចំកិច្ចប្រជុំនាពេលអនាគត។
ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិ រួមទាំង បញ្ហាឧបទ្វីបកូរ៉េ ផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ
