Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង ទីម័រខាងកើត ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវបណ្ឌិត អាដាល់ជីហ្សា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Adaljiza Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

លោកជំទាវរដ្ឋមន្ត្រីការបរទេស អាដាល់ជីហ្សា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវ ក៏ បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើ ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីកាលបរិច្ឆេទសមស្រប និងការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតមកកាន់កម្ពុជា និងបានឯកភាពគ្នារៀបចំព្រឹត្តិការណ៍មួយចំនួនដើម្បីអបអរសាទរខួបលើកទី២០ នៃទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់ក្នុងការធ្វើឱ្យកាន់ តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី តាមរយៈកិច្ចពិគ្រោះយោបល់ជាទៀងទាត់ និងការបញ្ចប់ឱ្យឆាប់នូវអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីដំណើរការដែលត្រូវអនុវត្តជាបន្តបន្ទាប់ សម្រាប់ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ក៏ដូចជាការត្រៀមរៀបចំជាចាំបាច់សម្រាប់ ការក្លាយជាសមាជិកអាស៊ាន៕ រក្សាសិទ្ធិដោយៈចេស្តារ

×