តាកែវ ៖ ជាការឆ្លើយតបបន្ទាន់ទៅកាន់បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថាប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្ម បានពន្យល់ថា ការអភិវឌ្ឍនៅក្បែរសួនសត្វភ្នំតាម៉ៅ មិនមានផលប៉ះពាល់ដល់សត្វព្រៃ និងបរិស្ថាននៅក្បែរនោះក៏ដោយ ក៏សម្ដេច បានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ យ៉ាងម៉ឺងម៉ាត់, ហើយត្រូវបានប្រជាពលរដ្ឋសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ថា យើងរួមគ្នាសង្គ្រោះព្រៃឈើនៅសួនសត្វភ្នំតាម៉ៅបានវិញហើយ។
ការប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅនេះ ធ្វើឡើងដោយបញ្ជាផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីរក្សាទុកដី និងព្រៃឈើនៅជុំវិញសួនសត្វភ្នំតាម៉ៅនេះ ជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម, ហើយសម្ដេច បានបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថាក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជា ៖
១- លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ។
២- រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។
៣- ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានសូមអរគុណចំពោះជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា។
ទាក់ទងទៅនឹងការពុះច្រៀក ឬពុះបំណែកដីព្រៃនៃតំបន់សួនសត្វភ្នំតាម៉ៅនេះ លោក ញ៉ឹក រតនៈពេជ្រ ជាប្រធាន និងក្រុមគ្នីគ្នារបស់លោកដែលជាអនុរក្ស ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ ដដែលនេះ បានបកស្រាយទៀតថា ការពុះច្រៀកដីព្រៃ និងការអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅនេះ គឺជាការបង្កើតពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយខុសពីការពិតតែប៉ុណ្ណោះ ដែលវាបណ្ដាលឱ្យមានការភាន់ច្រឡំថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ នឹងត្រូវរើទៅតាំងនៅខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ឬខេត្តកំពង់ស្ពឺ ឬខេត្តមណ្ឌលគិរីវិញ ដែលនាំឱ្យមានផលប៉ះពាល់ដល់សត្វព្រៃនៅភ្នំតាម៉ៅនេះ។
គួរបញ្ជាក់ថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅមានទីតាំងស្ថិតនៅ ស្រុកបាទី ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បើមើលទៅផ្លូវ លំ មួយខ្សែ កាត់ទៅភាគឦសាននៃព្រៃ ភ្នំ តាម៉ៅ ដែល មានកំណត់ចំណុច ចាប់ផ្ដើមនៃសំណង់លំនៅឋានមួយនៅលើ ដីឯកជន ជាប់ ព្រំដែន តំបន់ ការពារនៃសួនសត្វព្រៃភ្នំតាម៉ៅមោះ ត្រូវបានគេឈូសឆាយ កាប់ព្រៃឈើ យកឈើល្អៗចេញទៅលក់ ដើម្បីពួកគេធ្វើការអភិវឌ្ឍ, បើតាមប្រជាពលរដ្ឋលេចឮដំណឹងថា ក្រុមហ៊ុនដែលចូលលុកលុយព្រៃឈើនៅតំបន់ភ្នំតាម៉ៅនេះ គឺ ទី១- ក្រុមហ៊ុនរបស់ លោកឧកញ៉ា ឃុន សៀ , ទី២- ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បើក្រឡេកទៅមើលបង្គោលព្រំដី រាប់រយដើមទៀត ត្រូវបានគេបោះ នៅក្រោមដើមឈើ ដែលលាតសន្ធឹងប្រៀបបីដូចជាកម្រាលព្រំ បៃតង ក្រហម ចាំងឆ្លុះ រំលេចពេញព្រៃ មានទំហំ ប្រមាណ ៥ គីឡូម៉ែត្រការ៉េ , បង្គោល ទាំងនេះជាសញ្ញាណ បញ្ជាក់អំពី កិច្ចព្រមព្រៀងដោះដូរទីតាំងដី ដែលត្រូវបានឈូសឆាយសម្រាប់ ការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងតំបន់ការពារនេះ, ប៉ុន្តែ អ្នកខ្លះមិនទាន់ដឹងច្បាស់ថា អភិវឌ្ឍអ្វីនោះទេ គេគ្រាន់តែដឹងថាអភិវឌ្ឍលំនៅដ្ឋាន។
ឥឡូវនេះ ខណៈដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសយ៉ាងម៉ឺងម៉ាត់ថា លុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅនេះ ព្រៃឈើជាច្រើនត្រូវបានគេឈូសឆាយ កាប់យកទៅលក់ខ្ទេចខ្ទី អស់ច្រើនណាស់ហើយ និងគួរឱ្យស្ដាយជាទីបំផុត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















