ស្លាក់វត្ថុចម្លែកក្នុងបំពង់ក ជាបញ្ហាមួយដែលមានភាពសំខាន់ខ្លាំងណាស់ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ច្រើនជួបប្រទះនៅលើកុមារតូចៗ អាយុក្រោម ៣ឆ្នាំ ជាវ័យដែលរពឹស ចង់ដឹងចង់ឃើញ ចាប់អារម្មណ៍លើអ្វីគ្រប់យ៉ាង ចង់សាកល្បងដោយខ្លួនឯង ទើបច្រើនតែចូលចិត្តយកវត្ថុចម្លែកៗ ដាក់ចូលទៅក្នុងរន្ធផ្សេងៗរបស់រាងកាយ ជាពិសេសរន្ធប្រព័ន្ធដង្ហើម ដូចជា រន្ធច្រមុះ និងមាត់ គួបផ្សំនឹងធ្មេញថ្គាមដែលនៅមិនទាន់ដុះឡើងគ្រប់ផងនោះ ធ្វើឱ្យមិនអាចទំពារអាហារដុំធំៗ ឱ្យល្អិតម៉ដ្ឋបានឡើយ ទើបអាចធ្វើឱ្យកើតការស្លាក់ ក្នុងអំឡុងពេលញ៉ាំបាយ ឬពេលកំពុងរត់លេងបាន។
នៅលើមនុស្សធំ ក៏អាចកើតបញ្ហាស្លាក់អាហារបានដូចគ្នាដែរ នៅពេលដែលព្យាយាមធ្វើកិច្ចការងារច្រើនយ៉ាង ខណៈពេលញ៉ាំបាយ ឬអាហារ ដូចជា និយាយ សើច ជាដើម។ ជួនកាលធ្មេញក្លែងក្លាយ ដែលដាក់មិនសូវជាប់ណែន ក៏អាចរបូតធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម ឬបំពង់អាហារបាន ដោយមិនបានតាំងចិត្តដូចគ្នា។
សភាវបន្ទាន់ ក្នុងករណីផ្លូវដង្ហើមត្រូវបាំងស្ទះ
នៅពេលមានវត្ថុចម្លែកនៅក្នុងបំពង់ដង្ហើម ជនរងគ្រោះនឹងមានអាការស្លាក់ ក្អកខ្លាំងក្លា និងមានអាការពិបាកដកដង្ហើម តែទាំងអស់នេះ អាស្រ័យលើទំហំ រូបរាង និងទីតាំងរបស់វត្ថុចម្លែកនោះនៅក្នុងបំពង់កដែរ។ វត្ថុចម្លែកទំហំធំ ច្រើនតែនៅជាប់ក្នុងនោះ និងកើតការបាំងស្ទះក្នុងកម្ពស់ប្រអប់សំឡេង ឬបំពង់ខ្យល់ផ្នែកខាងលើ ធ្វើឱ្យកើតការបាំងស្ទះផ្លូវដង្ហើមយ៉ាងពេញលេញ និងភ្លាមៗតែម្តង។ ជនរងគ្រោះច្រើនតែលើកដៃឱបបំពង់ក និយាយមិនចេញសំឡេង ឆ្លេឆ្លា ដកដង្ហើមមិនចូល បបូរមាត់ឡើងខ្មៅជាំ សភាវនេះហៅថា ជាសភាវ
អាសន្ន ព្រោះជនរងគ្រោះអាចស្លាប់បានក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
អ្នកជំនាញបានណែនាំឱ្យប្រើវិធីរបស់ Heimlich ជួយជនរងគ្រោះ ដែលជាមនុស្សធំ ឬក្មេងធំ ចូរធ្វើក្នុងឥរិយាបថអង្គុយ ឬឈរ ដោយឱ្យជនរងគ្រោះបង្អោនខ្លួនទៅខាងមុខបន្តិច អ្នកជួយសង្គ្រោះឈរនៅពីខាងក្រោយ យកដៃទាំង២ ឱបជនរងគ្រោះឱ្យជាប់ ដោយដាក់ដៃឆ្វេងពីលើដៃស្តាំ ដែលក្តាប់យ៉ាងណែនដាក់នៅលើចុងដង្ហើម រួចហើយរឹបកណ្តាប់ដៃស្តាំ ចូលមករកចុងដង្ហើមយ៉ាងខ្លាំង និងឆាប់រហ័ស ដើម្បីឱ្យកើតជាកម្លាំងសម្ពាធ រុញទៅក្នុងប្រអប់ពោះ ច្រានចូលទៅក្នុងប្រអប់ទ្រូង ដើម្បីរុញឱ្យវត្ថុចម្លែកនោះឱ្យខ្ទាតចេញ
ពីបំពង់ខ្យល់។ សម្រាប់ក្មេងតូច អាយុទាបជាង ១ឆ្នាំ អាចប្រើវិធីទះខ្នង ឬយកបាតដៃដាក់លើដើមទ្រូង ហើយយកម្រាមមេដៃទាំង ២ខាងសង្កត់លើបរិវេណក្រោមចុងដង្ហើម រួចសង្កត់ ឬទាញរឹបចូលមកដើម្បីឱ្យខ្យល់ធាក់វត្ថុចម្លែក ដែលបាំងស្ទះបំពង់ខ្យល់នោះខ្ទាតចេញមកវិញ។
ចំណុចត្រូវប្រយ័ត្ន
១.យើងមិនណែនាំ ឱ្យប្រើម្រាមដៃលូកខ្វេះទៅក្នុងបំពង់កក្មេងឡើយ ព្រោះអាចនឹងធ្វើឱ្យវត្ថុចម្លែកនោះ របូតធ្លាក់ជ្រុះទៅបាំងស្ទះបំពង់ខ្យល់ កាន់តែខ្លាំងជាងមុនទៅទៀត។
២.វិធីរបស់ Heimlich ខាងលើ គួរប្រើតែក្នុងករណីដែលជនរងគ្រោះ មានការបាំងស្ទះបំពង់ខ្យល់ដង្ហើម ១០០ភាគរយប៉ុណ្ណោះ និងអ្នកជួយសង្គ្រោះ ក៏គួរតែមានភាពចំណានល្មមគួរសមដែរ តែបើនៅលើជនរងគ្រោះដែលនៅមានសតិ នៅដកដង្ហើមខ្លួនឯងបាន គួរប្រញាប់នាំទៅមន្ទីរពេទ្យ ប្រសើរជាង។
ដំបូន្មាន ដើម្បីការពារការស្លាក់វត្ថុចម្លែក
១.ជ្រើសរើសប្រភេទ និងទំហំខ្នាតរបស់អាហារ ដែលស័ក្តិសមនឹងកុមារក្នុងវ័យនីមួយៗ ដើម្បីការពារការស្លាក់អាហារ និងមិនគួរបញ្ចុកអាហារក្មេង ក្នុងខណៈដែលក្មេងកំពុងរត់លេងនោះទេ។
២.ជ្រើសរើសប្រភេទរូបរាង និងទំហំខ្នាតរបស់របស់លេងឱ្យស័ក្តិសមនឹងវ័យរបស់ក្មេង រួមទាំងរៀបចំទុកដាក់វត្ថុរបស់របរ ដែលអាចបង្កគ្រោះថ្នាក់ ឱ្យមានសុវត្ថិភាព ផុតពីដៃក្មេង។
៣.សម្រាប់នៅលើមនុស្សធំ ដែលមានបញ្ហារឿងធ្មេញ ត្រូវប្រឹក្សាជាមួយទន្តពេទ្យ ដើម្បីរៀបចំរកធ្មេញក្លែងក្លាយ ដែលស័ក្តិសមនឹងខ្លួន។ ជ្រើសរើសទទួលទានអាហារ ដែលមិនចាំបាច់ត្រូវទំពាខ្លាំង ទំហំខ្នាតអាហារដែលស័ក្តិសម និងគួរដោះធ្មេញក្លែងក្លាយចេញ
មុនពេលចូលគេងផង។
ដំបូន្មានក្នុងករណី ដែលកើតការស្លាក់វត្ថុចម្លែកក្នុងបំពង់ខ្យល់ដង្ហើម
១.ប្រញាប់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាម។
២.តមញ៉ាំទឹក តមញ៉ាំអាហារភ្លាមតែម្តង នៅពេលកើតមានការស្លាក់។
៣.ក្នុងករណីជាកុមារ ចូរសាកសួរអ្នកដែលស្ថិតក្នុងហេតុការណ៍ថា តើក្មេងកើតការស្លាក់ក្នុងពេលកំពុងធ្វើអ្វី ដូចជា កំពុងញ៉ាំអាហារ លេងរបស់លេង ជាដើម ព្រមទាំងនាំគំរូរបស់អាហារ នំ ឬវត្ថុដែលសង្ស័យថា នាំឱ្យស្លាក់នោះទៅមន្ទីរពេទ្យជាមួយផង ដើម្បីជាប្រយោជន៍ក្នុងការរៀបផែនការព្យាបាលរបស់គ្រូពេទ្យ៕