Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការសម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»

ភ្នំពេញៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ នេះបើតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ហើយត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី១១ខែសីហានេះ។

នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់បានសម្រេចចោទប្រកាន់លើលោកសុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទ (សុន ឆ័យ) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ និងវត្ថុតាមព្រំទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

តំណាងអយ្យការជនសង្ស័យយល់ឃើញថា ជនសង្ស័យឈ្មោះ សុន ឆ័យ ពិតជាបានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើបទសម្ភាសន៍ និងទទួលស្គាល់នូវខ្លឹមសារនៃបទសម្ភាសន៍របស់ខ្លួននៅក្នុងកម្មវិធី អាយឌាថក (IDEA TALK) ។ ខ្លឹមសារនៃបទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ពិតជាបានបង្ហាញឲ្យឃើញនូវធាតុផ្សំនៃបទល្មើស ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលបង្ហាញតាមរយៈសម្តីរបស់ឈ្មោះ សុន ឆ័យ បានធ្វើការអះអាងដោយបំភ្លើស និងជាការទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បានរៀបចំការបោះឆ្នោត ប្រកបដោយភាពមិនប្រក្រតី ទាំងមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោតថា មានការបំភ័យប្រជាពលរដ្ឋ មានការបំបាត់នូវឆន្ទៈរបស់ប្រជាពលរដ្ឋ មានការលួចសន្លឹកឆ្នោត គ.ជ.ប មិនឯករាជ ។ល។ ដែលសម្តីទាំងនេះពុំមានភស្តុតាងណាមួយ ដែលយកមកបញ្ជាក់ឲ្យបានឃើញច្បាស់ថា ការអះអាងរបស់ខ្លួនជាការពិតឡើយ ។

តំណាងអយ្យការបានបញ្ជាក់ថា ភស្តុតាងដែលជនសង្ស័យ ក៏ដូចជាមេធាវីការពារសិទ្ឋឲ្យជនសង្ស័យឈ្មោះ សុន ឆ័យ បានដាក់ជូនមកដើម្បីពិនិត្យនោះ តំណាងអយ្យការបានពិនិត្យឃើញថា ជាភស្តុតាងដែលត្រូវបានលើកឡើងដោយឯកតោភាគី ជាការអះអាងរបស់ក្រុមមួយ ឬអង្គការសង្គមស៊ីវិលមួយចំនួនដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលមិនអាចឲ្យតំណាងអយ្យការធ្វើការថ្លឹងថ្លែង និងពិចារណាទទួលថាជាភស្តុតាង ដែលអាចយកមកបញ្ជាក់ពីសម្តីរបស់ជនសង្ស័យឈ្មោះ សុន ឆ័យ ថាជាការពិត ពីព្រោះថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងស្ថិតនៅក្រោមការតាម ដាន ពីអ្នកសង្កេតការជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន ៧២ អ្នកសង្កេតការអន្តរជាតិ និងអង្គការអន្តរជាតិចំនួន ១៩ ប្រតិភូស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំនៅកម្ពុជាចំនួន ៥ ស្ថាប័ន។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ ការដាក់ពាក្យបណ្តឹងបានធ្វើឡើងបន្ទាប់ពីលោកសុន ឆ័យ បានធ្វើការចោទប្រកាន់គ្មានការពិតទៅលើស្ថាប័ន គ.ជ.ប។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បានមានប្រសាសន៍ប្រាប់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោកសុន ឆ័យ ដែលផ្តល់សម្ភាសន៍ដល់សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។

ឯកឧត្តមបានបញ្ជាក់ថា “ពាក្យបណ្តឹងរបស់ គ.ជ.ប ប្តឹងចំពោះការបរិហាកេរ្តិ៍ជាសាធារណៈរបស់លោកសុន ឆ័យ ទៅតាមក្រមព្រហ្មួណ្ឌមាត្រា ៣០៥ ដោយលោកសុន ឆ័យ បានប្រើពាក្យដោយចោទប្រកាន់ គ.ជ.ប ថា ជាស្ថាប័នលួចបន្លំសន្លឹកឆ្នោត ដែលខុសពីការពិតជាក់ស្តែង…”។
អគ្គលេខាធិការង គ.ជ.ប បានបញ្ជាក់ទៀតថា ការប្តឹងទៅស្ថាប័នតុលាការ គឺដើម្បីឲ្យស្ថាប័នតុលាការអនុវត្តទោសចំពោះលោកសុន ឆ័យ ទៅតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងសុំឲ្យបុគ្គល សុន ឆ័យ ធ្វើការសារភាពទោសកំហុជាសាធារណៈ ហើយនឹងត្រូវផ្សព្វផ្សាយជាសាធារណៈផងដែរ ចំពោះការចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×