ភ្នំពេញៈ អគ្គ លេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ថា ការលើកឡើងរបស់លោកមេធាវី ជូង ជូងី ថា ការប្តឹង លោកសុន ឆ័យ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះឆ្នោតជាតិ ឆ្នាំ២០២៣ គឺជាការលើកឡើងដែលមិនបាន ឆ្លុះបញ្ចាំង អំពីអង្គហេតុ និងអង្គច្បាប់ជាក់ស្តែងនោះទេ។ អង្គហេតុ គឺ លោកសុន ឆ័យ ប្រមាថស្ថាប័នជាតិ ក្នុងន័យបរិហាកេរ្តិ៍ ជាសាធារណៈ។ អង្គច្បាប់ គឺគ.ជ.ប បានប្តឹង លោកសុន ឆ័យ ដោយយោងទៅតាមបញ្ញត្តិ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ហើយការ ដែល គ.ជ.ប មិនប្តឹងទៅវិញទេ ទើបជារឿងដែលគួរឲ្យចម្លែក ពីព្រោះនៅពេល ដែលស្ថាប័នមួយត្រូវបានចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្នោតហើយ នៅស្ងៀមមិនមានប្រតិកម្មនោះមានន័យថា ការចោទ ប្រកាន់ត្រឹមត្រូវ។ ហេតុនេះ គ.ជ.ប ចាំបាច់ត្រូវ តែដាដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីចោទ ប្រកាន់បុគ្គលដែលប្រមាថស្ថាប័នជាតិថា បានលួចបន្លំសន្លឹកឆ្នោត។
ការឆ្លើយតបនេះ បន្ទាប់ពីមេធាវី ជូង ជូងី លើកឡើងថា បណ្តឹងលើលោកសុន ឆ័យ នឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដោយសារលោក សុន ឆ័យ រវល់តែរឿងបណ្តឹងមិនអាចធ្វើសកម្មភាពនយោបាយអ្វីបានឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ស្ថាប័ន គ.ជ.ប មិនមែនជាស្ថាប័ននយោបាយនោះទេ ស្ថាប័ន គ.ជ.ប ត្រូវ បាន កំណត់ភារកិច្ច ហើយរៀបចំចាត់ ចែង និងគ្រប់គ្រងការ បោះឆ្នោត។ តាមតួនាទី និងភារកិច្ច ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ ក្នុងច្បាប់ស្តីពីការរៀបចំការ ប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ស្ថាប័នមួយនេះ គឺជាស្ថាប័នបច្ចេកទេសសុទ្ធសាធ ។ ហើយការ ប្តឹងទៅតុលាការករណីលោកសុន ឆ័យ បរិហាកេរ្តិ៍ គ.ជ.ប ជាសាធារណៈ គឺមិនមែនបណ្តឹងនយោបាយទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យមួយនេះ ចៀសផុតពីការចោទ ប្រកាន់របស់បុគ្គលនយោបាយ ដែលប្រមាថជាសាធារណៈមកលើស្ថាប័ន គ.ជ.ប និងចោទប្រកាន់គ.ជ.ប ថា ជាលួចសន្លឹកឆ្នោត ទៅតាមខ្លឹមសារ ដែលបានផ្តល់នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែតខេមបូឌាដេលី ។ ហើយបណ្តឹង របស់ គ.ជ.ប មិនមែនបណ្តឹងនយោបាយ គឺជាបណ្តឹង ដើម្បីការពារខ្លួនពីការចោទ ប្រកាន់ថា ប្រព្រឹត្តកំហុសក្នុងការលួចសន្លឹកឆ្នោត។
អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា គ.ជ.ប អត់មិនបាន ប្រកួតប្រជែង ជាមួយនឹងលោកសុន ឆ័យ ទេ។ ការប្តឹងទៅតុលាការនេះ មិនមែនមាន ន័យថា គ.ជ.ប ប្រកួតប្រជែងជាមួយលោកសុន ឆ័យទេ គ.ជ.ប ជាស្ថាប័នេករាជ្យ ជាអាជ្ញាកណ្តាល ក៏ប៉ុន្តែនៅពេលដែលអាជ្ញាកណ្តាលរងការចោទ ប្រកាន់ ថាជាចោរអីចឹងអ្វីដែលជាការ ប្តឹង របស់ គ.ជ.ប ទៅតុលាការវាគឺជាពាក្យបណ្តឹង មួយ ដែលមានលក្ខណៈការពារខ្លួន ការពារមុខមាត់ ស្ថាប័នជាតិមួយនេះ បើសិនជាគ្មានការ ប្តឹងទៅតុលាការទេ ឬក៏យើង ទៅសម្របសម្រួលសុំឲ្យអង្វរលោកសុន ឆ័យ កុំប្រមាថ គ.ជ.ប កុំបរិហាកេរ្តិ៍ ជាសាធារណៈនោះវាមិនអាចធ្វើទៅបានទេ ។ ហើយសាធារណៈជនក៏អាចធ្វើការវាយតម្លៃប្រសិនបើ គ.ជ.ប គ្មានប្រតិកម្មក្នុងការដោះ ស្រាយបញ្ហានេះ តាមផ្លូវតុលាការ ។ អ្វីដែលមេធាវីរបស់លោកសុន ឆ័យលើកឡើងអំពីបណ្តឹងនយោបាយនេះ ជាបញ្ហាមួយដែលមិនអាចទទួលយកបានទេ ហើយវាគ្រាន់តែបញ្ជៀសបញ្ហាប្រមាថទៅជារឿងនយោបាយទៅវិញ វាអត់មានអ្វី មួយដែលគួរឲ្យភ្ញាក់ផ្អើលទេ នេះគឺជាទម្លាប់របស់គាត់ ទៅហើយ តែកាលណាមានបញ្ហាកើតឡើងគាត់ ថាជារឿងនយោបាយ។ ក៏ប៉ុន្តែការជេរប្រមាថស្ថាប័ន គ.ជ.ប ថាជាចោរលួចសន្លឹកឆ្នោត មិនមែនជាការលើកយោបល់ ដើម្បីកែលម្អ គ.ជ.ប ទេ គឺជាការចោទប្រកាន់ គឺជាការប្រមាថជាសាធារណៈ ឬក៏ជាការបរិហាកេរ្តិ៍ជាសាធារណៈ ដែលគ.ជ.ប ប្តឹងទៅតុលាការ។ ហើយអ្វីៗទាំងអស់ គឺជាចំណាត់ការ របស់តុលាការ។ បើសិនជាលោកសុន ឆ័យ នៅតស៊ូក្តីជាមួយគ.ជ.ប គឺយើងនឹងតស៊ូនៅផ្លូវតុលាការ៕ រក្សាសិទ្ធិដោយៈ ចេស្តារ
