Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្ដមសេនីយ៍ XU QI LIANG អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ច ប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ XU QI LIANG និងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីរ ១-កិច្ចសហប្រតិបត្តិការយោធា និង២-កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋ រចនាសម្ព័ន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចំរើនមួយកម្រិតថែមទៀត។

ជាមួយគ្នានេះ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ ដែល រៀបចំដោយឯកឧត្តម នាយឧត្តមសេនីយ៍ XU QI LIANG ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×