ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែសីហានេះបានចេញអនុក្រឹត្យ ស្តីពីការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៉ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្មាក់ទី១។
បើតាមអនុក្រឹត្យសម្រេច៖ របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖
១)កម្រិត១ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ៦៧០ ០០០(ហុកសិបប្រាំពីរម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០(ហុកសិបប្រាំបួនម៉ឺន)រៀល ក្នុង១(មួយ)ខែ
២)កម្រិត២ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៦៧០ ០០១(ហុកសិបប្រាំពីរម៉ឺនមួយ)
រៀល ដល់ត្រឹម ៨០០ ០០០(ប៉ែតសិបម៉ឺន)រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០ (ពីរម៉ឺន)រៀល ក្នុង១(មួយ)ខែ
៣)កម្រិត៣ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១(ប៉ែតសិបម៉ឺនមួយ)រៀល ដល់ ៨១០ ០០០(ប៉ែតសិបមួយម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៨២០ ០០០ (ប៉ែតសិបពីរម៉ឺន)រៀល ក្នុង១(មួយ)ខែ
៤) កម្រិត៤ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៨១០ ០០១(ប៉ែតសិបមួយម៉ឺនមួយ)រៀលឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០(មួយម៉ឺន)រៀល ក្នុង១(មួយ)ខែ។ អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
ចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលបានធ្វើសមាហរណកម្មមុនឆ្នាំ២០១៥ ត្រូវបានបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០០ ០០០(ម្ភៃម៉ឺន)រៀល ក្នុង១ខែ។
របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនប្រចាំខែ និងអ្នកបម្រើរបស់ ជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលបានកំណត់ក្នុងមាត្រា១ និងមាត្រា២ ខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ការកែប្រែរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវធ្វើឡើងដោយ អនុក្រឹត្យបន្ទាប់ពីការពិគ្រោះយោបល់រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារ សាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ សា្ថប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



