Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាន CEN ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ម្ដាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ

ភ្នំពេញ ៖ ក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មាន CEN ដឹកនាំដោយ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ជាអគ្គនាយិកា, នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំបុគ្គលិក-សហការីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្ដែងមនោសញ្ចេតនា រំលែកទុក្ខក្រៀមក្រំ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង លោកជំទាវ ខៀវ ទេពរង្ស៉ី ខៀវ កាញារីទ្ធ ចំពោះមរណភាពមហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ជាម្ដាយក្មេកឯកឧត្តម និងត្រូវជាម្ដាយបង្កើត លោកជំទាវ។

លោកជំទាវឧកញ៉ា ជីប យុទ្ធារី បានថ្លែងនៅចំពោះមុខ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ខៀវ ទេពរង្ស៉ី ខៀវ កាញារីទ្ធ ថា ក្នុងមនោសញ្ចេតនា ស្មោះសរប្រកបដោយការគោរព ស្រលាញ់, នាងខ្ញុំ និងក្រុមការងារ សូមសម្ដែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំ ថា មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទទួលមរណភាពនៅវេលាម៉ោង ៩:១៥នាទីព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ នាងខ្ញុំ និងក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មាន CEN សូមសម្ដែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការ បាត់បង់ម្ដាយបង្កើត ម្ដាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ជ្រាលជ្រៅចំពោះ កូនៗ និងចៅៗ និងក្រុមគ្រួសារទាំងមូល។

នាងខ្ញុំប្រាកដណាស់ថា ពេញមួយជីវិតរបស់ មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺបានតស៊ូលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើននាពេលកន្លងមក។ ហេតុនេះ គឺជាការបាត់បង់ដ៏ធំធេងរបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូលផងដែរ។

ជីវិត ទុក្ខំ អនិច្ចំ អនត្តា , នាងខ្ញុំ និងក្រុមការងារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

×