Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី : “ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ដែលយើងត្រូវបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស”

ភ្នំពេញៈ “ធម្មជាតិ នៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន ដែលយើងត្រូវបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងក៏នៅតែចិញ្ចឹមចិត្តប៉ុនប៉ងផ្តួលរំលំយើង ដោយគេកំពុងរង់ចាំឱកាស និងបានបន្តសកម្មភាពឥតឈប់ឈរ វាយប្រហារគណបក្សយើងជាប្រចាំ តាមវិធីសាស្រ្ត និងយន្តការផ្សេង “។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា សិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នេះ រៀបចំឡើងដើម្បីជាការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី ១៦ និង១៧ ខែកក្កដា ដែលបានដាក់ចេញទិសដៅការងារឲ្យបន្តខិតខំ “ជំរុញការងារចលនាមហាជន ចូលជ្រៅក្នុងស្រទាប់ គ្រប់មជ្ឍដ្ឋាន ជាពិសេសចលនាយុវជន ស្ត្រី និងកម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណមតិឲ្យបានកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស”។

សូមជម្រាបថា សិក្ខាសាលារយៈពេល ១ ថ្ងៃ កន្លះ ស្តីពី «ការចែករំលែកព័ត៌មាននៅក្នុងបរិបទឌីជីថល និងការផ្លាស់ប្តូរបទពិសោធន៍លើការងារផ្សព្វផ្សាយមហាជន» នេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង ៧០០នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះពេលនេះ គឺ១. ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ។ ២. ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល។ ៣. បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×