ប្តីប្រពន្ធពីរនាក់នៅក្នុងទីក្រុងញូវញ៉ក បានសម្រេចចិត្តប្តឹងកូនប្រុសអាយុ ៣០ឆ្នាំរបស់ពួកគេបន្ទាប់ពីកូនប្រុសពេញវ័យរូបនោះ មិនព្រមចាកចេញពីផ្ទះ ដើម្បីទៅរកការងារធ្វើ និងចិញ្ជឹមជីវិតខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់ BBC កាលពីដើមសប្តាហ៍កន្លងទៅនេះ។
បើតាមឯកសាររបស់តុលាការបានឲ្យដឹងថា លោក Michael Rotondo វ័យ ៣០ឆ្នាំ មិនបានចេញថ្លៃឈ្នួលផ្ទះ និងជួយធ្វើកិច្ចការក្នុងផ្ទះអ្វីឡើយ ហើយក៏មិនព្រមទទួលយកលុយដែលឪពុកម្តាយរបស់លោកផ្តល់ឲ្យ ដើម្បីឲ្យគាត់ចាកចេញពីផ្ទះដែរ។
បន្ទាប់ពីសរសេរលិខិតបណ្តេញចេញអស់ចំនួន ៥ច្បាប់រួចហើយ អ្នកស្រី Christina និងប្តីរបស់គាត់ឈ្មោះ Mark Rotondo បាននិយាយថា កូនរបស់ពួកគេនៅតែបដិសេធមិនព្រមរើចេញ។
ប្តីប្រពន្ធទាំងពីរបានប្តឹងទៅកាន់តុលាការជាន់ខ្ពស់ស្ថិតក្បែរតំបន់ Syracuse ទីក្រុងញូញ៉ក កាលពីថ្ងៃទី ៧ ខែឧសភានេះ បន្ទាប់ពីជំរុញឲ្យកូនរបស់ពួកគេឲ្យរើចេញពីផ្ទះអស់ជាច្រើនខែ ដោយមិនបានជោគជ័យ។
អ្នកទាំងពីរក៏បានផ្តល់លុយចំនួន ១.១០០ដុល្លាផងដែរ ដើម្បីឲ្យកូនពួកគេរើចេញ ប៉ុន្តែកូនពួកគេមិនព្រមរើចេញសោះ។
ពួកគេនិយាយដូច្នេះថា “មានការងារជាច្រើនសំរាប់អ្នកដែលមានប្រវត្តិមិនល្អ ដូចអ្នក (កូន)។ អ្នកទៅរកមួយទៅ ហើយអ្នកត្រូវតែធ្វើការងារ”។
នៅទីបំផុត ចៅក្រមក៏បានអនុវត្តតាមបណ្តឹងរបស់ប្តីប្រពន្ធទាំងពីរនោះ ដោយកំណត់ឲ្យកូនប្រុសអាយុ ៣០ឆ្នាំរបស់ពួកគេរើចេញពីផ្ទះ។
លោក Michael Rotondo ដែលត្រូវបណ្តេញចេញ បានថ្លែងប្រាប់ CNN ថា គាត់ចង់ចាកចេញពីផ្ទះដែរ ប៉ុន្តែមិនមានមធ្យោបាយ៕ សុភ័ក្ត្រ