Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាចង់ឃើញទំនាក់ទំនងនិងកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ដែលរឹងមាំ និងច្រើនជាងសព្វថ្ងៃ ក៏ដូចជា ការវិនិយោគពីបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិក ច្រើនបន្ថែមទៀត

spot_img

ភ្នំពេញៈ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា សមាជិកសភា និងមន្ត្រីជាន់ខ្ពស់សភា រួមជាមួយតំណាងរាជរដ្ឋាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Edward J. Markey សមាជិកព្រឹទ្ធសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ។

ជំនួបពិភាក្សាការងារនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការទី១០ នៃព្រឹទ្ធសភា ឯកឧត្តម ទី សុគន្ធ ឯកឧត្តម ខៀវ ភារិទ្ធ ឯកឧត្តម ជាម ប៉េអា សមាជិករដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលរួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ ចំណែកឯគណៈប្រតិភូសភាសហរដ្ឋអាមេរិករួមមាន Hon. Adam Stewart Lowenthal, Hon. John Raymond Garamendi, Hon. Donald Sternoff Beyer, Hon. Amata Coleman Radewagen សមាជិករដ្ឋសភា។

ភាគីកម្ពុជាបានសម្តែងការស្វាគមនដ៏កក់ក្តៅដល់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដោយបានជម្រាបជូនពីដំណើរការរៀបចំបែបបទជូនសភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការផ្លូវការរបស់អាយប៉ាក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាជាប្រធាននិងជាម្ចាស់ផ្ទះក្នុងខែវិច្ឆិការឆ្នាំ២០២២នេះ ហើយក៏ធ្វើបទបង្ហាញអំពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសចាប់ពីឆ្នាំ១៩៩៨ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ។ ភាគីកម្ពុជាបានលើកបង្ហាញអំពីអាយុជាមធ្យមរបស់ប្រជាជនខ្មែរ បានកើនពី៥៦ឆ្នាំនៅឆ្នាំ១៩៩៨ មកដល់៧០ឆ្នាំ នៅឆ្នាំ២០២២ នេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាពសាធារណៈជាដើម ដោយទទួលបានការជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តដូចជា ជប៉ុន ចិន កូរ៉េ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងដៃគូរអភិវឌ្ឍន៍អន្តរជាតិនានា។ ជាក់ស្តែងក្រោមជំនួយរបស់ជប៉ុន កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុដើម្បីឱ្យភ្ជាប់ការដឹកជញ្ជូនដោយផ្ទាល់ពីកម្ពុជា ទៅសហរដ្ឋអាមេរិក។ កម្ពុជាចង់ឃើញទំនាក់ទំនងនិងកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិកដែលរឹងមាំ និងច្រើនជាងសព្វថ្ងៃ ក៏ដូចជាការវិនិយោគពីបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកច្រើនបន្ថែមទៀត។

ក្នុងការពិភាក្សាពាក់ព័ន្ធជាមួយមូលដ្ឋានយោធានៅសមុទ្ររាម ភាគីកម្ពុជាបានបញ្ជាក់ឡើងវិញនូវអ្វីដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនថាមិនមាន និងមិនអនុញ្ញាតឱ្យមាន វត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជានោះឡើយ។

រីឯករណីពាក់ព័ន្ធសំណុំរឿងសកម្មជននយោបាយនានានោះគឺជាការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនល្មើសទូទៅ ហើយជាសមត្ថកិច្ចរបស់តុលាការនិងមិនមែនជាការបំពានទៅលើសិទ្ធិនយោបាយ និងបញ្ចេញមតិរបស់សកម្មជនទាំងនោះទេ។ទន្ទឹមនេះភាគកីម្ពុជាក៏បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដោយរំលេចអំពីទស្សនកិច្ចដ៏ជោគជ័យរបស់ឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកមកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ភាគីកម្ពុជាក៏បានបញ្ជាក់អំពីគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន ដោយផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជា។

គណៈប្រតិភូសភាអាមេរិកបានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានសម្តែងនូវការសាទរចំពោះជំហរកម្ពុជាពាក់ព័ន្ធវិបត្តិនៅអ៊ុយក្រែន និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងឡាយរបស់កម្ពុជាក្នុងការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយលើកទឹកចិត្តដល់កម្ពុជាខិតខំប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចូលរួមដោះស្រាយបញ្ហានានាក្នុងតំបន់ផងដែរ។ គណៈប្រតិភូក៏បានទទួលស្គាល់នូវការអភិវឌ្ឍជឿនលឿនដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាកន្លងមកនេះ ។

ជារួមគណៈប្រតិភូសភាសហរដ្ឋអាមេរិកបានបញ្ជាក់ពីបំណង់របស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក មកទីនេះគឺដើម្បីធ្វើជាដៃគូររបស់កម្ពុជា បង្កើនកិច្ចសហការនិងជួយគាំទ្រកម្ពុជាសម្រេចឱ្យបាននូវសក្តានុពល អភិវឌ្ឍន៍របស់ខ្លួន ដោយយកលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋានគន្លឹះ តាមរយៈការរបង្កើនតម្លាភាពកាន់តែពេញលេញ លើការអភិវឌ្ឍនានា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×