Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ

ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញចំនួន៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះហើយ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ , លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ។ អនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែពេលនេះយើងបានប្រកាសតែងតាំងចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារអោយបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជធានីភ្នំពេញ កាន់តែរីកចំរើននិងកាន់តែមានសោភណ្ឌភាព។

ឯកឧត្តម សក់ សេដ្ឋា ក៏បានធ្វើការណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។

ឯកឧត្តមសក់ សេដ្ឋា បានបន្ថែមទៀតថា ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ លោកស្នើឲ្យអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ អោយវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងជំរុញឲ្យក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។

គួរបញ្ជាក់ថា៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ លោកកើត ឆែ ,លោក មាន ចាន់យ៉ាដា លោកហួត ហៃ ,លោកស្រី កែវ សុខពិសី ,លោកស៊ុយ សេរិទ្ធ និងលោកនួន ផារ័ត្ន។ តែពេលនេះ ត្រូវបានបន្ថែមឲ្យមកកាន់តួនាទីនេះចំនួន ៣ រូបបន្ថែមទៀត មានន័យថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ពេលនេះមានចំនួន៩រូបហើយ ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបានប្រតិភូកម្ម វិស័យជាច្រើនមកអោយថ្នាក់ក្រោមជាតិ អនុវត្តក្នុងការផ្តល់សេវាឲ្យកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×