Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យចក្រភពអង់គ្លេស ជួយផ្ដល់សាស្ត្រាចារ្យ និងពិនិត្យលទ្ធភាពជួយជ្រោមជ្រែង ដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន

spot_img

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

លោកជំទាវឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីពាក់ព័ន្ធ ទៅនឹងបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ត្រូវបានបញ្ចប់ គ្រោងនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុង ពេលឆាប់ៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អ កន្លងមករវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ លោកជំទាវបានលើកឡើងអំពីការផ្តល់អាហារូបករណ៍រយៈពេលខ្លីតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ដល់កម្ពុជា តាមរយៈកម្មវិធីភាពជាអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន ក្រោមការឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផែនការមេគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស និងការបន្តជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ ក៏ដូចជា ពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជនផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីគម្រោងដាក់ដំណើរការជាបណ្ដោះ អាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ(Expressway PP-SHV) នៅដើមតុលា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនអាចប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×