សៀមរាប ៖សំណង់ខុសច្បាប់ទាំងឡាយដែលកំពុងកើតមាននៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់នោះ រុះរើចេញជាបន្ទាន់ បើពុំដូច្នោះទេ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ និងគ្មានការអនុគ្រោះនោះឡើយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសពីការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់លើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរបែបនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។

ពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា, និង មានការចូលរួមពី លោកស្រីបណ្ឌិតសភាចា្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស , លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា មុនននេះបន្តិច ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការរួចហើយ ធ្វើការគូសរំលេចពីចំណាត់ការមួយយ៉ាងម៉ឺងម៉ាត់ក្នុងការរំដោះយកដីក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានគូសរំលេចថា កម្ពុជាក្នុងនាមរដ្ឋសមាជិកកិច្ចការអន្តរជាតិមួយចំនួន មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាកេរ្ដិ៍មរតកដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសាកលនៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។ ក្រសួងបានសង្កត់ធ្ងន់ថា តំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។
ហេតុនេះ ក្រសួងបានដាក់លក្ខខណ្ឌដាច់ណាត់ ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់នេះ ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន, ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ ដោយអនុវត្តឱ្យរុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដី និងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














