Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមហ៊ុន ម៉ាណែត ៖ ក្នុងនាមថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខរបស់យោធិននិងគ្រួសារនៅទូទាំប្រទេស

spot_img

ស្ទឹងត្រែង៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តមហ៊ុន ម៉ាណែត ៖សូមវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ១២៨ និងអង្គភាពចំណុះ ដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ក្រោយពីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ក្រោមគំនិតដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើនប្រៀបការពារជាតិ និងការពារប្រជាជន។ សមិទ្ធផលទាំងនេះ រួមមានជាអាទិ៍៖ អគារទីបញ្ជាការ ០៤ ខ្នង, អគារស្នាក់នៅ ៦៤ខ្នង និងរោងរថយន្ត ០១ ខ្នង រួមទាំងហេដ្ឋរចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដើម្បីឆ្លើយជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អង្គភាព សំដៅធានាបាននូវប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមហ៊ុន ម៉ាណែតបន្តថា៖ ក្នុងនាមថ្នាក់លើ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅទូទាំងប្រទេស ដោយគិតគូរលៃលកធ្វើយ៉ាងណាឱ្យមានការធានាសមរម្យ និងគ្រប់គ្រាន់ ស្របទៅនឹងបទបញ្ជា និងភារកិច្ចដែលបានចាត់តាំង។ ក្នុងន័យនេះ សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចទាំងទ្វេដោយជានិច្ចជាកាលលោកទាំងពីរ តែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងទ្វេផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាមផងដែរ។

ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តមសូមថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់កងពលតូចអន្តរាគមន៍លេខ១២៨ និយាយដោយឡែក និងនិយាយជារួម កងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវការងារកែទម្រង់ និងទំនើបកម្មរបស់ខ្លួន ដើម្បីកសាងនិងពង្រឹងខឿនការពារជាតិឱ្យបានកាន់តែរឹងមាំ សំដៅធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។ ពិតណាស់ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ក្នុងនាមជាសមរភូមិក្រោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ទោះបីក្នុងរយៈកាលជាង ០២ ឆ្នាំកន្លងមកនេះ យើងមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាន ជាពិសេសក្នុងប្រមាណប្រមាណ ២០ ឆ្នាំចុងក្រោយមុនការមកដល់នៃជំងឺកូវីដ-១៩ គឺបាន និងកំពុងផ្តល់នូវឱកាសអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។

ឯកឧត្តមហ៊ុន ម៉ាណែត បានក្រើនរំលឹកថា៖ ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ។ ជាក់ស្តែងណាស់ កងទ័ពមានភារកិច្ច និងតែងបានចូលរួមនៅក្នុងគ្រប់ស្ថានការណ៍យថាហេតុលំបាក និងគ្រោះថ្នាក់ ក្នុងពេលដែលជាតិ និងប្រជាជនត្រូវការ ដូចជាក្នុងពេលគ្រោះវិបត្តិគ្រោះមហន្តរាយ ព្រមទាំងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាផលវិបាកបន្សល់ទុកដោយសង្គ្រាម ជាដើម។ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះយោធភូមិភាគទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះយោធភូមភាគទី១ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ

បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ៕រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ

spot_img
×