ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ចោទសួរឯកឧត្តម គួច ចំរើន ពីបញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជំនួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គ ការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ ។ ឯកឧត្តមអភិបាលខេត្ត បានជជែកពិភាក្សា និងបានឆ្លើយសំណួរជាច្រើន ដែលបានចោទសួរឡើង ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ដោយសំណួរភាគច្រើន ផ្តោតលើបញ្ហាសិទ្ធិមនុស្សការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។

ឯកឧត្តមបានមានប្រសាសន៍ថា ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ។

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំ ប្រទេសកម្ពុជា បានថ្លែងថា ប្រតិភូរបស់លោក សិក្សាឈ្វេងយល់ អំពីកង្វល់និងបញ្ហាប្រឈមនានា ដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោក ប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។

ឯកឧត្តម គួច ចំរើន បានជម្រាបជូនលោក វិទិត មុតតាបន ថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និង ច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់ តាមប្រព័ន្ធអនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ប្រឆាំងអំពើទាំងឡាយណាដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្ត នានារបស់អន្តរ ជាតិ។ ឯកឧត្តមបានអះអាងទៀតថា អាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់មិនដែលគេចវេសពីតួនាទីរបស់ខ្លួននោះឡើយ ពោលគឺយើងសហការគ្នាអនុវត្តច្បាប់ និងបង្រ្កាបរាល់បទល្មើសដោយគ្មានការបន្ធូរដៃឡើយ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមស្វាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការ ស្វែងរកឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម គួច ចំរើន បានជម្រាបជូនថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃ មានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយ មានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះ សីហនុតាមរយៈការអូសទាញដោយខុសច្បាប់។ ឯកឧត្តមគួច ចំរើន បានថ្លែងថា “២០ឆ្នាំមុន ពលរដ្ឋខ្មែរជាច្រើននាក់ រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរ នៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើងជាខ្មែរមានការឈឺចាប់។ ដូច្នេះសម្រាប់នៅកម្ពុជា យើងមិនឱ្យការឈឺចាប់នេះកើតមានទៀតនោះឡើយ”។ កន្លងមកមានការលើកឡើងថា មានករណីចាប់ បង្ខាំងមនុស្សដោយខុសច្បាប់ នៅតាមទីតាំងអាជីវកម្មមួយចំនួន ក្នុងខេត្តព្រះសីហនុតែពេលសមត្ថកិច្ច ចុះទៅដល់ គឺអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះ កំពុងធ្វើការជាធម្មតា និងអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថាមានករណីចាប់បង្ខាំង។ ហើយករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ដោយសាម៉ីខ្លួន មិនបានប្តឹងឡើយ ហើយក៏មិនមានករណីចាប់ បង្ខាំង ឡើយគឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ ទន្ទឹមនោះក៏មានឧក្រិដ្ឋកម្មគ្រឿងញៀន ដែលអាជ្ញាធរខេត្តធ្វើការបង្ក្រាប បានកាលពីពេលថ្មីៗនេះ មានចំនួន៨៧១គីឡូក្រាម បង្កឡើងដោយជនបរទេស នៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជជែកពិភាក្សា និងបានឆ្លើយសំណួរជាច្រើន ដែលបានចោទសួរឡើង ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ដោយសំណួរភាគច្រើន ផ្តោតលើបញ្ហាសិទ្ធិមនុស្សការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម និងបានលើកឡើងដោយធ្វើការបញ្ជាក់ច្បាស់ៗថា ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផ្សព្វផ្សាយ ដូច្នេះលោកសំណូមពរ ដល់ប្រតិភូសូមកត់ត្រាអ្វីដែលជាការពិត និងសូមជូនពរ ដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រ ទេសកម្ពុជា នៅខេត្តព្រះសីហនុ ទទួលបានជោគជ័យ និងភាពរីករាយ។

ក្រោយស្តាប់ការពន្យល់បកស្រាយអស់ជាច្រើនម៉ោង អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរីករាយស្វាគមន៍ ចំពោះការឆ្លើយតបនឹងសំណួររបស់លោក។ ក្នុងជំនួបនោះ លោក វិទិត មុតតាបន បាន លើកឡើងថា កិច្ចពិភាក្សានេះ គឺបានធ្វើឡើងដោយភាពកក់ក្តៅ និងយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់ តាមប្រព័ន្ធអនឡាញជាដើម។ លោកបន្តថា ដំណើរទស្សនកិច្ច នៅក្នុងខេត្តព្រះសីហនុ គឺចង់សិក្សាស្វែងយល់បន្ថែមពីបញ្ហាទាំងនេះ ដើម្បីរៀបចំដាក់ក្នុងរបាយការណ៍ការងាររបស់លោកក្នុងនៅចុងឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម