ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ. ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន អបអរសាទរក្នុងឱកាស នៃការប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន នៅក្នុងលិខិតកាលពីថ្ងៃទី១៨ ខែសីហា ថា “តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវសេចក្តីអបអរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម និងប្រជាជនហ្វីលីពីនជាទីអាប់អាន ក្នុងឱកាសដ៏សប្បាយរីករាយនៃការប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន”។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា និងហ្វីលីពីនមានទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ក្នុងរយៈពេល៦ទស្សវត្សកន្លះកន្លងមកនេះ។ ខ្ញុំមានសេចក្ដីរីករាយ ដែលបានឃើញពីភាពរីកចម្រើននៃទំនាក់ទំនងរបស់យើង ដែលត្រូវបានលើកកម្ពស់ដោយការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។ ការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់យើង គឺជាពេលវេលាដ៏សមស្របមួយ ក្នុងការអះអាងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីភាពរីកចម្រើននៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃសហគមអាស៊ាន និងពិភពលោក។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន សូមអញ្ជើញឯកឧត្តមប្រធានាធិបតីហ្វីលីពីនមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងឆ្នាំដ៏មានអត្ថន័យនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ






