លោកវរសេនីយ៍ឯក Dinh Van Doi បាននិយាយថា ក្រុមការងាររបស់លោកបានរកឃើញខ្សែបណ្តាញជួញដូរមនុស្សចំនួនបួន ដែលលេចចេញនៅក្នុងខេត្តទាក់ទងនឹងករណីមនុស្ស ៤០ នាក់ ដែលរត់ចេញពីកាស៊ីណូ «ឋានរក» Rich World នៅកម្ពុជា មកកាន់ប្រទេសវៀតណាម។
នាល្ងាចថ្ងៃទី២២ ខែសីហា បានឆ្លើយតបទៅនឹងសារព័ត៌មាន VTC លោកវរសេនីយ៍ឯក Dinh Van Doi នាយកសន្តិសុខសាធារណៈខេត្ត An Giang បានឲ្យដឹងថា ទាក់ទិននឹងករណីជនជាតិវៀតណាមចំនួន ៤០ នាក់ បានរត់ចេញពីកាស៊ីណូនៅកម្ពុជា មកកាន់ប្រទេសវៀតណាមនោះ ប៉ូលីសខេត្ត An Giang បានកំណត់អត្តសញ្ញាណខ្សែបណ្តាញជួញដូរមនុស្សចំនួន៤។
លោកវរសេនីយ៍ឯក Dinh Van Doi បានជម្រាបជូនថា «តាមរយៈការទទួលយកសក្ខីកម្មពីប្រជាពលរដ្ឋចំនួន ៤០ នាក់ ដែលរត់ចេញពីកាស៊ីណូ Rich World ក្នុងប្រទេសកម្ពុជា ទៅកាន់ខេត្ត An Giang យើងបានរកឃើញថាមានសញ្ញានៃការជួញដូរមនុស្ស។ យើងក៏បានស៊ើបអង្កេត និងបំភ្លឺ បន្ទាប់រកឃើញខ្សែបណ្តាញជួញដូរមនុស្សចំនួន ៤ ដែលកំពុងលេចឡើងក្នុងខេត្ត-ក្រុង»។
បើតាមលោកស្នងការនគរបាលខេត្ត An Giang បានឲ្យដឹងថា នៅពេលដែលត្រូវបានលក់ចូលកាស៊ីណូ Rich World នៅកម្ពុជា ដើម្បីធ្វើការងារខុសច្បាប់ ប្រជាពលរដ្ឋជាច្រើនដែលមិនយល់ព្រមធ្វើ ឬមិនបំពេញកូតា ត្រូវបានវាយដំ និងគំរាមកំហែង។ ជាពិសេសមានករណីនៃការលក់ពីកាស៊ីណូមួយទៅកាស៊ីណូមួយទៀត។
លោកវរសេនីយ៍ឯក Dinh Van Doi បានបន្តថា «យើងបានរាយការណ៍ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងសន្តិសុខសាធារណៈ ដើម្បីសម្របសម្រួលជាមួយនគរបាលខេត្ត-ក្រុង ទាក់ទងករណីមានខ្សែបណ្តាញជួញដូរមនុស្ស ដើម្បីទទួលបានព័ត៌មាន និងដោះស្រាយជាមួយក្រុមជួញដូរមនុស្សទាំងនោះ»។
ទាក់ទងករណីជួញដូរមនុស្សនេះ ប៉ូលិសខេត្ត An Giang ក៏កំពុងតែស៊ើបអង្កេតពីទង្វើ «រៀបចំឲ្យអ្នកដទៃចាកចេញដោយខុសច្បាប់» ជាពិសេស ប៉ូលីសទើបតែកាត់ទោសជនជាប់ចោទពីរនាក់ចំពោះទង្វើខាងលើ ដែលមានឈ្មោះ Nguyen Thi Le (អាយុ ៤២ ឆ្នាំ) និង Le Van Danh (អាយុ ៣៤ ឆ្នាំ អ្នកទាំងពីររស់នៅក្រុង Long Binh ស្រុក An Phu ខេត្ត An Giang)។
Le បានសារភាពថា ចាប់ពីខែឧសភា ឆ្នាំ ២០២២ មានបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បានជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សដោយខុសច្បាប់ ពីប្រទេសវៀតណាម មកកម្ពុជា។ បន្ទាប់មក ខ្លួនក៏បានបបួល Danh ឱ្យចូលរួមជាមួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





