ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមានការខាតបង់នោះទេ គឺមានតែផលចំណេញទៅវិញ។
នៅព្រឹក ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។
សម្តេចតេជោ ហ៊ុន សែន បានមានមានប្រសាសន៍ថា ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា។

សម្តេចបានបន្តទៀតថា ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជានោះទេ គឺដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ។
ការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម នៅភូមិន្ទភ្នំពេញ ផ្តល់បរិញ្ញាបត្រលើ ៣មុខជំនាញ រួមមាន ១) មុខជំនាញសិក្សាភាសាវៀតណាម (Vietnamese Studies) ។ ២) មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation and Interpretation) ។ ៣) មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication)។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា បើសិនជាយើងបង្កើត ផលចំណេញបានមកលើយើងទេតើ។ ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម ផ្តល់ផលចំណេញដល់កម្ពុជាទាំងការរកស៉ី ការជួយនិស្សិតអាហារូបករណ៍មុនទៅរៀននៅវៀតណាម និងក៏អាចយល់ដឹងច្រើន ពីប្រទេសជិតខាតមួយនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្តថា យើងបង្កើតឲ្យនិស្សិតរបស់យើងរៀន ហើយអ្នកណា ដែលចង់រកស៉ីជាមួយវៀតណាម ដូចជានៅតាមព្រំដែន គេអាចបញ្ជូនមនុស្សមករៀនភាសាវៀតណាម។ វាមានតែចំណេញ វាអត់មានអ្វីខាតទេ។ អ្នកចេះភាសាបារាំងក៏ដោយ អង់គ្លេសក៏ដោយ ភាសាអ្វីក៏ដោយ អត់មានអ្វីខាតទេ។ រឿងអ្វី បែរជានាំគ្នាជ្រួលច្របល់ ថារៀនហ្នឹងវាបង្កើតជាបញ្ហាខ្មែរក្រោមទី២។ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេសភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកដេប៉ាតឺម៉ង់នេះ មិនមែនយកនិស្សិតវៀតណាមក បង្រៀនវៀតណាមនៅកម្ពុជាឡើយ។ សម្តេចបន្តថា មុននឹងប្រទេសនិស្សិតប្រទេសនានាមករៀននៅកម្ពុជា ក៏គេបណ្តុះបណ្តាលភាសាខ្មែរជាមុនសិនដែរ ព្រោះគេមានកន្លែងបណ្តុះបណ្តាលភាសាខ្មែរស្រាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






