ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។
ក្រសួងព័ត៌មាន បានបិទអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យអាស៉ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃក្រោយត្រូវពិនិត្យ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រុមណាដែលចេញមកជេរបិទវាចោលទៅ។ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មានឡើយ ហើយបើឡាយក្នុងហ្វេសបុកជេរនោះជារឿងផ្សេង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយកាលពីឆ្នាំ២០២០ ដែលរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើទៅសម្ដេចដោយសុំឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ជួយការពារអ្នកសារព័ត៌មាន ប៉ុន្ដែត្រូវបានសម្ដេចសម្រេចថា យកត្រឹមពាក់កណ្ដាល ដោយជួយការពារអ្នកសារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើអ្នកសារព័ត៌មាននោះ ជេរគេមេធាវីសម្ដេចមិនជួយការពារនោះទេ។
ពាក់ព័ន្ធជាមួយលោក សាន្ដ ប៊ុនធឿននេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា សម្ដេចធ្លាប់ជួយជាលុយសុទ្ធប្រមាណ១៨ម៉ឺនដុល្លារ ដើម្បីឲ្យលោក សាន្ដ ប៊ុនធឿន ទិញផ្ទះនៅ និងការឧបត្ថម្ភថវិកាប្រចាំខែបន្ថែមទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកាត់ចោលក្របខ័ណ្ឌលោក សាន្ដ ប៊ុនធឿន ចេញពីកងយោធពលខេមរភូមិន្ទ និងពីបញ្ជាការដ្ឋានអង្គរក្ស គឺដោយសារតែសម្ដេចណែនាំច្រើនលើកច្រើនសារអំពីឥរិយាបថ និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយឡាយនៅលើបណ្ដាញសង្គមហ្វេសបុក ប៉ុន្ដែលោក សាន្ដ ប៊ុនធឿន មិនបានកែប្រែនោះឡើយ។ ក្រៅពីកាត់ចោលក្របខ័ណ្ឌកងទ័ពហើយនោះ អាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន ក៏ត្រូវបានរដ្ឋមន្ដ្រីក្រសួងព័ត៌មានបិទចោលផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










