ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ

ភ្នំពេញៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលឯកឧត្តមកំពុងបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់ឯកឧត្តមមានរយៈ ពេលខ្លី ប៉ុន្តែទស្សនកិច្ចនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការអរគុណរបស់ឯកឧត្តមចំពោះការប្តេជ្ញា ចិត្តរបស់កម្ពុជាទៅលើពហុភាគីនិយម និងការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម បានចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ និងបានកោតសរសើរកម្ពុជាចំពោះភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងរឹងមាំ ក្រោយវិបត្តិនៃជំងឺរាតត្បាតនេះ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការលះបង់និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់របស់ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក្នុងនាមជាប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងឆ្នាំដែលពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចពិគ្រោះយោបល់លើរបាយការណ៍ «គោលដៅរួមរបស់យើង» របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធានាបានថា អង្គការសហប្រជាជាតិ នឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីទៅលើអាទិភាពក្នុងការដោះស្រាយតម្រូវការសកលដ៏បន្ទាន់បំផុតនានា រួមទាំងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរករបៀបវារៈនៃការអភិវឌ្ឍប្រកប ដោយចីរភាព ផងដែរ។
ឯកឧត្ដម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងក្រុមការងារអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក គណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និងយូនីសេហ្វ សម្រាប់ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រាប់ជំនួយរបស់អង្គការសហប្រជាជាតិដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ឯកឧត្ដម ក៏បានកោតសរសើរចំពោះទំនាក់ទំនងការងារដ៏ល្អរវាងកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង២៦ដែលធ្វើការក្នុងវិស័យសុខាភិបាល សន្តិសុខស្បៀង បរិស្ថាន ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។
ខណៈពេលលើកឡើងអំពីការចូលរួមចំណែករបស់កម្ពុជាចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ (UNPKOs) ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីទសវត្សរ៍ទី៩០ ទៅជាប្រទេសដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។

ឯកឧត្ដម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកងទ័ពចំនួន ៨.៣០២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១១លើក នៅក្នុងប្រទេសចំនួន៩។ ឯកឧត្តមប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ បានសរសើរកម្ពុជាចំពោះការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដែលគួរតែយកធ្វើជាគំរូ។
ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឯកឧត្ដម អ៊ុច បូររិទ្ធ បានជំរាបជូន ឯកឧត្តម អាប់ឌូឡា សាហ៊ីដ អំពីការបញ្ចប់ទៅយ៉ាងជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ភាគីទាំងពីរ បានលើកឡើងអំពីលទ្ធភាព និងការសម្របសម្រួល ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។

ឯកឧត្តម អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាល់ឌីវ រួមមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ការគិតពិចារណាឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ និងការបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីស្វែងរកវិស័យប្រកបដោយសក្តានុពលភាពនានាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕ រក្សាសិទ្ធិដោយៈចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម